ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ធនាគារកណ្តាលចិនបានចាត់វិធានការទាន់ពេលដោយចាក់បញ្ចូលសាច់ប្រាក់បន្ថែមទៅក្នុងប្រព័ន្ធធនាគារដើម្បីឆ្លើយតបនឹងសម្ពាធចេះតែកើនឡើងនៅក្នុងឧស្សាហកម្មធនាគារក្នុងស្រុកនិងហានិភ័យខ្លាំងឡើងពីក្រៅប្រទេស នេះបើតាមការផ្សាយរបស់កាសែតរដ្ឋចិនកាលពីថ្ងៃសៅរ៍។
ជាលើកដំបូងក្នុងឆ្នាំនេះ ធនាគារកណ្តាលចិនកាលពីថ្ងៃសុក្របានកាត់បន្ថយចំនួនប្រាក់ដែលបណ្តាធនាគារត្រូវតម្កល់ជាទុនបំរុងដើម្បីគាំទ្រការស្ទុះងើបឡើងវិញសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោកមួយនេះ។ការកាត់បន្ថយអត្រាប្រាក់តម្កល់នេះបានកើតឡើងលឿនជាការរំពឹងទុករបស់ទីផ្សារហិរញ្ញវត្ថុ។
កាសែតសេដ្ឋកិច្ចThe Economic Daily បានចុះផ្សាយនៅទំព័រមុខរបស់ខ្លួនថា ចំណាត់ការរបស់ធនាគារប្រជាជនចិននឹងបន្ថយភាពតានតឹងក្រោយមានតំរូវការទុនខ្ពស់និងកើនឡើងជាលំដាប់ចំពេលសេដ្ឋកិច្ចប្រទេសរើបរើឡើងវិញ។ការបញ្ចេញប្រាក់រួសរាន់នេះក៏នឹងជួយត្រៀមសំរាប់ការពង្រីកសេចក្តីត្រូវការនៅដំណាក់កាលបន្ទាប់។
កាសែតបាននិយាយថា«ហានិភ័យបច្ចុប្បន្ននៅក្នុងឧស្សាហកម្មធនាគារបរទេសកាន់តែកើនឡើងនិងបរិយាកាសខាងក្រៅក៏កាន់តែស្មុគស្មាញផងដែរ។ដោយសារថ្លៃទូទាត់បំណុលធនាគារជាថ្មីស្ថិតក្រោមសម្ពាធនិងប្រាក់ចំណេញក៏កាន់តែចុះទាប ធនាគារកណ្តាលបានចាត់ការទាន់ពេលដើម្បីបន្ទាបអត្រាប្រាក់តម្កល់ក្នុងបំណងបញ្ចេញសាច់ប្រាក់ថ្មីទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ»។
ចំណែកកាសែតThe Global Timesបាននិយាយយោងតាមអ្នកជំនាញការដែលថា ការកាត់បន្ថយអត្រាប្រាក់តម្កល់នេះឆ្លុះបញ្ចាំង«ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិនចំពោះពិភពលោក»ដើម្បីកុំអោយដូចអាម៉េរិក ដែលខិតខំតែដំឡើងអត្រាកាប្រាក់ តែនៅតែអនុវត្តគោលនយោបាយរូបិយវត្ថុឯករាជ្យមួយ។
សូមបញ្ជាក់ថា ក្រុមមេដឹកនាំចិនបានសន្យាថានឹងបង្កើនការទ្រទ្រង់សេដ្ឋកិច្ច ដែលកំពុងស្ទុះចេញពីការធ្លាក់ចុះក្នុងសម័យកូវីដជាបណ្តើរៗក្រោយឈប់រឹតបន្តឹងវិធានការប្រឆាំងជំងឺឆ្លងនេះកាលពីខែធ្នូឆ្នាំមុន។
ទីផ្សារហិរញ្ញវត្ថពិភពលោកនៅសប្តាហ៍នេះបានជួបព្យុះភ្លៀងក្រោយការដួលរលំធនាគារផ្តល់ប្រាក់កំចីអាម៉េរិកSilicon Valley Bank និង Signature Bank និងធនាគារCredit Suisse ក៏កំពុងមានបញ្ហាប្រុងដួលមួយទៀត៕
ទីស្នាក់ការធំនៃធនាគារប្រជាជនចិន នៅក្រុងប៉េកាំង