ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាអេឡិចត្រូនិក លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា ស៊ីហ្គេមនៅកម្ពុជា ខាងមុខនេះ សម្រាប់ប្រភេទកីឡា E-Sports មាន ១១ ប្រទេស ក្នុងតំបន់អាស៊ានចូលរួម។

ក្រៅពីកម្ពុជានោះ ប្រទេសចំនួន ១០ បានចុះបញ្ជី ដើម្បីចូលរួមប្រកួតកីឡា អេឡិចត្រូនិក នេះរួចហើយៗកម្ពុជា ក៏បានត្រៀមខ្លួនរួចរាល់ដែរ ដើម្បីការមកដល់ នៃពេលវេលាប្រកួត។ ស៊ីហ្គេមលើកនេះ ប្រទេសដែលចូលរួម មានចំនួនច្រើន ជាស៊ីហ្គេមលើកមុនៗ។ ប្រភេទកីឡា E-Sport នេះ ត្រូវរៀបចំប្រព័ន្ធ Sever System ដើម្បីត្រៀមនឹងការចូលរួម របស់ប្រទេសទាំងអស់។

លោកបានបន្តថាៈ ពេលនេះ អ្វីៗកាន់តែមមាញឹកខ្លាំង ក្នុងការរៀបចំទីលានបច្ចេក ទេស ពីព្រោះនេះ ជាការប្រកួតកីឡាប្រព័ន្ធបច្ចេកវិទ្យា។ យើងកំពុងខិតខំធ្វើយ៉ាងណា ឱ្យការទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ ឱ្យមានលក្ខណៈល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះ ជាលើកដំបូង។ មកដល់ពេលនេះ មិនមានប្រទេសណាមួយ បានដកខ្លួននោះទេ ដោយមានតែចង់មកប្រកួត។

លោកប្រធានសហព័ន្ធ បានកត់សម្គាល់ឃើញថាៈ E-Sport កម្ពុជា បង្ហាញពី មោទនភាព សម្រាប់ការត្រៀមខ្លួន ចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា មានរហូតដល់ ១១ ប្រទេស (រួមទាំងម្ចាស់ផ្ទះកម្ពុជា) ដែលស៊ីហ្គេម ២ លើកចុងក្រោយ កន្លងមក ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ និងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០២២ មានត្រឹមតែ ១០ ប្រទេសប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានកំណត់នូវវិញ្ញាសា ចំនួន៩ សម្រាប់ដាក់ឱ្យប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយមានដូចជា វិញ្ញាសា AK2 (PC) ក្រុម-ឯកត្តជន, PUBG Mobile ក្រុម-ឯកត្តជន, Mobile Legends: Bang Bang(Mobile) ក្រុមបុរស -ក្រុមនារី, League of Legends: Wild Rift (Mobile) ក្រុម, Valorant (PC) ក្រុម និងវិញ្ញាសា CrossFire (PC) ជាក្រុម៕ V / N