ដោយៈ យោធិន / កណ្តាលៈ លោក ប្រាក់ សុខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្អាង ខេត្តកណ្តាល និងលោកស្រី អមដំណើរដោយលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅចុងសប្ដាហ៍នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែ ក្នុងឃុំតាលន់ ស្រុកស្អាង​ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថាៈ ផ្លូវបេតុងមួយខ្សែនេះ ជាមធ្យោយ មួយសំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ធ្វើការដឹកទំនិញកសិផល ទៅកាន់ទីផ្សារ យ៉ាងងាយស្រួលបំផុត។ ផ្លូវនេះ មានប្រវែង ២.០០០ ម៉ែត្រ ដែលបងប្អូនប្រជាជន មូលដ្ឋាន​ខាងលើនេះ មានក្តីសោមនស្សរីករាយ ដែលបានទទួលបានទទួល នូវសមិទ្ធផលផ្លូវបេតុងនេះ ដែលជាចំណងដៃថ្មីមួយទៀត របស់ប្រមុខរាជរដ្ឋាភិបាល ជាមួយនឹងការលើកឡើងថា មានផ្លូវ មានក្តីសង្ឃឹម ។

ជាមួយគ្នានេះដែរ នៅតាមដងផ្លូវនេះ ក៏មានការដាក់អំពូលសូឡាបំភ្លឺ តាមដងផ្លូវ ផ្តល់លទ្ធភាព ដល់ការធ្វើចរាចរណ៍ នាពេលរាត្រីផងដែរ។

ផ្លូវបេតុងនេះដែរ គឺទទួលការសាងសង់ ពីកងកម្លាំងវិស្វកម្មមួកខៀវ របស់មជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព ដែលតាមការលើកឡើងពីសំណាក់ លោកឧត្តមសេនីយ៍ឯក បោង ប៊ុន្នី អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​បានបញ្ជាក់ថាៈ ផ្លូវនេះ ជាប្រភេទ ផ្លូវបេតុងអារមេ ប្រវែង​ ២.០០០ ម៉ែត្រ ទទឺងប្រវែង ៦ ម៉ែត្រ និងកម្រាស់ ០,២០ម៉ែត្រ និងមានលូប្រអប់ មានទ្វារទឹកបិទ-បើកមួយកន្លែង សម្រាប់បម្រើឲ្យដល់ការងារ កសិកម្ម។

ក្នុងដំណើរចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនេះដែរ​លោកប្រាក់ សុខុន​បានផ្តល់អំណោយ ជូនដល់ប្រជាជន ដែលបានចូលរួមអបអរសាទរ ទទួលដំណើរក្នុងការចុះត្រួតពិនិត្យ ផ្លូវបេតុងខាងលើនេះ ក្នុងម្នាក់ៗ សារុងមួយ និងថវិកាមួយម៉ឺនរៀលផងដែរ៕ V / N