ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា បានលេីកឡេីងថាៈ “ការដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍​ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាស័ក្តិសមនឹងសមត្ថ ភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេង របស់ឯកឧត្តមបណ្ឌិត ក្នុងការចូលរួម អភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ជាបន្ត បន្ទាប់” ។​ នេះបេីយោងតាមហ្វេសប៊ុករបស់លោក​ស សុខា ​។

លោក ស​សុខា​ និងភរិយា បានសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរ ភូមិន្ទ នៅក្នុងឱកាសដ៏វិសេសវិសាល ដែលលោកបណ្ឌិត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហគាំទ្រឯកឧត្តមបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃ អនាគតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះ ព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរជូនឯកឧត្តមបណ្ឌិត ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរក សុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍ លើគ្រប់វិស័យ កុំបីខានឡើយ​។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទុ៕ V / N