ដោយ៖សុផល/ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចែករម្លែកនូវមេរៀនចំនួនពីរដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំក្នុងចិត្ត ទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពី ជាង៥០ឆ្នាំមុន។
នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី១៨ខែមីនានេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា កាលពី ៥៣ឆ្នាំមុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ ដោយមានការគាំទ្រពីបរទេស បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលជាទីគោរពសក្ការៈនៃយើង។
ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជានិងក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយយើងត្រូវចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះដែលអាចនិយាយបានថាជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយបន្តនាំទុក្ខវេទនារហូតរុញច្រានប្រជាជនកម្ពុជាឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
លោកបានគូសបញ្ជាក់ថា៖អ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ ចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ គឺមេរៀនចំនួនពីរ ក្នុងនោះ ទី១)ការជ្រៀតជ្រែកពីបរទេសអាចនាំឲ្យកម្ពុជា ឆ្លងកាត់នូវភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតនូវសោដនាកម្មដូចអតីតកាល ដែលផ្តល់ជាមេរៀនដ៏ជូរចត់ដល់ប្រជាជនខ្មែរគ្រប់រូប។ ទី២) ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចនាំមកនូវការបែកបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូលដែលសង្គមជាតិយើងបានឆ្លងកាត់ដ៏លំបាកអស់ជាច្រើនទសវត្សរ៍ ទម្រាំយើងសម្រេចបានពេញលេញនូវសាមគ្គី និងឯកភាពជាតិ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។
លោក ហ៊ុន ម៉ានី បានបន្ថែមថា៖ផ្អែកលើមេរៀន នៃថ្ងៃ ១៨ មីនា ១៩៧០ នេះ៖
ទី១) យើងត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍ នេះ កុំឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ កើតឡើងវិញ
ទី ២) យើងត្រូវថែរក្សាសាមគ្គី ឯកភាព ផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានដាច់ខាត ដោយ ដោះស្រាយបញ្ហាផ្ទៃក្នុងនានាដោយខ្លួនឯង និងជំរុញបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេសជាតិយើង
ទី៣) យើងត្រូវបញ្ជូនសារទៅមិត្តបរទេសដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជាដែលយើងត្រូវរក្សាឲ្យបានដើម្បីអនាគតរបស់ប្រជាជនយើង៕Ph