ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៨ មីនា ម្សិលមិញនេះ អ្នកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការ ក្រសួងការពារជាតិអមដំណើរដោយលោក ប៉ុន សុខ ប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិ កំពុងហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតកីឡា Sea Games លើកទី៣២ និង ASEAN Para Games លើកទី១២ រួមជាមួយនឹងគរុសិស្ស និស្សិតដែលកំពុងសិក្សា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ក្រោមការសម្របសម្រួល ដោយលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា អ្នកស្រី អញ្ជើញទៅសួរសុខទុក្ខរួមមាន កីឡាកាយសម្ព័ន្ធ កីឡាវាយកូនឃ្លើ លើតុ កីឡាចំបាប់ កីឡាវាយសី កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាសូហ្វតេន្នីស កីឡាហែលទឹក កីឡាប្រដាល់សកល កីឡាវាយកូនបាល់ កីឡាតេក្វាន់ដូ ITF(International Taekwondo Federation) កីឡាវ៉ូវីណាម កីឡាអុក កីឡាកតេក្វាន់ដូ WT(World Taekwondo) ពិនិត្យសាលសង្រ្គោះបឋម និងអាហារដ្ឋាន ទៀតផង។
អ្នកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ ក៏ដូចជា ការប្រកួតដោយទទួលបានជោគជ័យនាំយកនូវកិត្តិយស សម្រាប់ប្រទេសជាតិសម្រាប់ Sea Games ២០២៣ ។
អ្នកស្រី បានលើកឡើងបន្ថែមទៀតថាៈ ជាមោទនភាព សម្រាប់ប្រទេសកម្ពុជា ក្នុងខែ
ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត Sea Games លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នេះបាន បង្ហាញអំពីការរីកចម្រើន ស្មើមុខ ស្មើសិទ្ធ ជាមួយបណ្ដាប្រទេសដទៃ ក្នុងតំបន់ និងអន្តរជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលមានសម្តេច តេជោ ជានាយករដ្ឋមន្ត្រី ។
អ្នកស្រី បានធ្វើការផ្តាំផ្ញើជូនដល់កីឡាករ -កីឡាការិនី ត្រូវថែរក្សាសុខភាព ឲ្យបានល្អ និងខិតខំធ្វើការហ្វឹកហាត់ គោរពវិន័យ និងលក្ខន្តិកៈ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីអាចចូលរួម ប្រកួត និងយកជ័យជំម្នះ ក្នុងការដណ្ដើមមេដាយមាស សម្រាប់ការប្រកួត នាពេលខាងមុខ៕ V / N