ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ដោយមានការអនុញ្ញាតជាគោលការណ៍ ពីរាជរដ្ឋា ភិបាលនោះ កម្ពុជានឹងបញ្ជូនអត្តពលិក ទៅចូលរួមប្រកួតកីឡា នៃបណ្ដាប្រទេស និយាយភាសាបារាំង ដែលនឹងធ្វើនៅប្រទេសកុងហ្គោ រយៈពេល ១១ ថ្ងៃ ចាប់ពីចុងខែ សីហា ដល់ដើមខែកញ្ញា ឆ្នាំ២០២៣ នេះ។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលថវិកាឧបត្ថម្ភគាំទ្រពីលោក Brett Grahame Goulding នាយកប្រតិបត្តិ Seayeen Group ចំនួន ១.៥០០ ដុល្លារ សហរដ្ឋអាមេរិក សម្រាប់គាំទ្រដល់ ការត្រៀមចេញ ទៅចូលរួមប្រកួតកីឡា ដែលរៀបចំឡើងដោយ អង្គការបណ្តាប្រទេសនិយាយភាសាបារំាង នៅប្រទេស កុងហ្គោ រយៈពេល ១១ ថ្ងៃ នាខែសីហា-ខែកញ្ញា ឆ្នាំ២០២៣។

កម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិកលើ ៣ ប្រភេទកីឡា ប៉ុន្តែប្រសិនបើមានកង្វះខាត ផ្នែកថវិកា ការទៅចូលរួមនេះ នឹងអាចកាត់បន្ថយប្រភេទកីឡាខ្លះ ទៅតាមលទ្ធភាព ជាក់ស្តែង ប៉ុន្តែសំខាន់ឲ្យតែមានប្រតិភូកីឡា យើងបានចូលរួមប្រកួត និងបង្ហាញទង់ ជាតិ លើឆាកអន្តរជាតិ ដើម្បីបំពេញកិត្តិយស ក្នុងនាមជាប្រទេសជាសមាជិក នៃអង្គការបណ្តាប្រទេសនិយាយភាសាបារាំង។

សូមបញ្ជាក់ថា អង្គការនេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៧០ ហើយក្រោយៗមកទៀត​អង្គការនេះ បានបង្កើតកម្មវិធីប្រកួតកីឡា និងសិល្បៈ។ ពេលខ្លះ កម្ពុជាបាន បញ្ជូនឲ្យចូលរួមប្រកួតកីឡា ពេលខ្លះ បានបញ្ជូនទៅចូលរួមផ្នែកសិល្បៈ។

លោក ប៊ូ ជុំសេរី បានបញ្ជាក់ថាៈ លោក Brett Grahame Goulding ជាអ្នកឧបត្ថម្ភគាំទ្រទី១ នៃគម្រោងចេញទៅប្រកួតកីឡាអន្តរជាតិមួយនេះ ហើយ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តខិតខំស្វែងរកការជួយឧបត្ថម្ភគាំទ្របន្ថែម ដើម្បីឲ្យប្រតិភូកីឡាយើង បានចូលរួមប្រកួត ក្នុងនាមប្រទេសកម្ពុជា ជាសមាជិកនៃ អង្គការបណ្តាប្រទេសនិយាយភាសាបារាំង។

កន្លងមក កម្ពុជាតែងតែបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ មួយនេះ មិនដែលខាននោះទេ ពោលគឺ ក្រោយឆ្នាំ១៩៩៣ មក កម្ពុជាបានចូលរួមរហូតមក ដោយពេលនោះ កម្ពុជាមិនបានបញ្ជូនអត្តពលិកឲ្យចូលរួមនោះទេ ប៉ុន្តែកម្ពុជាបាន បញ្ជូនមន្ត្រី ជាអ្នកសង្កេតការណ៍ចូលរួម។ ចាប់ពីឆ្នាំ១៩៩៧ កម្ពុជាធ្លាប់បានបញ្ជូន កីឡាករចូលរួមប្រកួតជាញឹកញាប់។

លោក Brett Grahame Goulding បានបញ្ជាក់ថាៈ លោកពិតជារីករាយ និងថ្លែងអំណរគុណដល់លោក ប៊ូ ជុំសេរី ដែលបានផ្តល់ឱកាស ជូនដល់លោក ក្នុងការរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់វិស័យកីឡាកម្ពុជា។ លោកប្តេជ្ញាបន្តការគាំទ្រ ដល់វិស័យកីឡាកម្ពុជា នាថ្ងៃអនាគតទៀត ហើយលោក ក៏នឹងព្យាយាមស្វែងរក អ្នកឧបត្ថម្ភដទៃៗទៀត ជួយដល់វិស័យកីឡាកម្ពុជា៕ V / N