ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បាននិយាយថា លោករំពឹងថានឹងត្រូវគេចាប់ខ្លួននៅថ្ងៃអង្គារទី២១មីនា នៅពេលក្រុមរដ្ឋអាជ្ញាកំពុងពិចារណាចោទប្រកាន់លោកជាផ្លូវការថាលោកបានចំណាយលុយអោយតារាអាសអាភាសម្នាក់ដើម្បីបំបិទមាត់រឿងលោកធ្លាក់ដេកជាមួយនាង ហើយលោកបានអំពាវនាវអោយអ្នកគាំទ្រចេញមកប្រឆាំងដោយសារតែវាជាការចោទប្រកាន់បែបនយោបាយ។
លោកត្រាំបានសរសេរក្នុងបណ្តាញសង្គមTruth Socialថា «ការលិចធ្លាយព័ត៌មានមកពីការិយាល័យរដ្ឋអាជ្ញាដ៏ពុករលួយនិងមាននិន្នាការនយោបាយខ្ពស់នៅសង្កាត់ម៉ាន់ហាតថាន់…បង្ហាញថា ទោះជាមិនអាចបញ្ជាក់ភស្តុតាងអំពីបទឧក្រិដ្ឋ…ក៏បេក្ខជនមកពីគណបក្សសាធារណរដ្ឋស្តាំនិយមកំពុងមានសម្លេងគាំទ្រនាំមុខដាច់គេនិងជាអតីតប្រធានាធិបតីអាម៉េរិក នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៏ក្រោយ»។
ទោះជាយ៉ាងណាអ្នកនាំពាក្យរបស់ត្រាំបាននិយាយថា លោកអតីតប្រធានាធិបតីនៅមិនទាន់ត្រូវបានជូនដំណឹងអំពីការចាប់ខ្លួននៅឡើយទេ។
ជុំវិញការទម្លាយព័ត៌មានកក្រើកអាម៉េរិកនេះ អ្នកនាំពាក្យការិយាល័យបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ថាផ្តល់លុយដល់នាងស្តមមី ឌែនៀលស៍(Stormy Daniels)ចំនួន១៣០.០០០ដុល្លារតាមរយៈមេធាវីផ្ទាល់របស់លោកដើម្បីកុំអោយនាងនិយាយចេញរឿងដែលលោកត្រាំធ្លាប់បានរួមភេទជាមួយនាង។
លោកត្រាំមិនបានផ្តល់ភស្តុតាងអំពីការលិចធ្លាយព័ត៌មានស្តីពីការប្រុងចាប់ខ្លួនលោកមកពីការិយាល័យរដ្ឋអាជ្ញាទេ និងក៏មិនបានពិភាក្សាអំពីការចោទប្រកាន់ដែរនៅក្នុងសារបង្ហោះរបស់លោក។លោកគ្រាន់តែសរសេរថា«ចូរចេញមកប្រឆាំងតវ៉ា នាំប្រជាជាតិរបស់យើងត្រឡប់មកវិញ»។
រំលឹកថា ពួកអ្នកគាំទ្រត្រាំបានសំរុកចូលអាគារសភាអាម៉េរិកកាលពីខែមករាឆ្នាំ២០២១ដើម្បីរារាំងការទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលជ័យជម្នះបានទៅគូប្រជែង ចូ បៃដិន។
ការស៊ើបអង្កេតនេះកើតឡើងចំពេលដ៏សំខាន់មួយ នៅពេលលោកត្រាំកំពុងស្វះស្វែងឈរឈ្មោះសំរាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
សូមបញ្ជាក់ថាមិនដែលមានប្រធានាធិបតីអាម៉េរិកណាម្នាក់ ទាំងនៅក្នុងតំណែងនិងក្រោយកាន់តំណែង ប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌទេ។លោកត្រាំបាននិយាយថាលោកនឹងបន្តធ្វើយុទ្ធនាការទោះជាត្រូវបានចោទប្រកាន់ផ្លូវការពីបទប្រព្រឹត្តបទក្រិដ្ឋណាមួយ។
ការិយាល័យរដ្ឋអាជ្ញាធរនៅសង្កាត់ម៉ាន់ហាតថាន់ បាននិងកំពុងស៊ើបអង្កេតការចោទប្រកាន់មួយថា លោកត្រាំបានអោយលុយមេធាវីផ្ទាល់ខ្លួនរបស់លោក គឺលោកម៉ៃឃើល ខូហិន(Michael Cohen)ចំនួន១៣០.០០០ដុល្លារដើម្បីយកទៅអោយតារាអាសអាភាសនាងស្តមមី ឌែនៀលស៍ ក្នុងបំណងអោយនាងកុំនិយាយរឿងដែលនាងធ្លាក់ដេកជាមួយលោកត្រាំ។
លោកម៉ៃឃើល ខូហិន
នាងស្តមមី ឌែនៀលស៍
លោកត្រាំបានបដិសេធថាលោកមិនមានទំនាក់ទំនងជាមួយនាងស្តមមី ទេនិងបានហៅការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាអាល់វីន ប្រ៊ែក( Alvin Bragg)ដែលជាសមាជិកបក្សប្រជាធិបតេយ្យថាជា«ការប្រមាញ់តាមរកកំហុស»។
ចំណែកប្រធានសភាមកពីបក្សសាធារណរដ្ឋលោក ខេវីន ម៉ាក់ខាធី(Kevin McCarthy)កាលពីថ្ងៃសៅរ៍បានពណ៌នាការស៊ើបអង្កេតនេះថាមាននិន្នាការនយោបាយ។
ការិយាល័យរបស់លោកប្រ៊ែកកាលពីពេលមុនេះក្នុងខែមីនា បានអញ្ជើញលោកត្រាំអោយឡើងផ្តល់សក្ខីកម្មនៅចំពោះមុខអង្គចៅក្រមដែលស៊ើបអង្កេតករណីនេះ ដែលពួកអ្នកជំនាញការច្បាប់និយាយថាវាជាសញ្ញាបង្ហាញថា ការចោទប្រកាន់ផ្លូវការជិតនឹងកើតឡើង តែលោកត្រាំបានបដិសេធមិនព្រមចូលផ្តល់កសិណសាក្សី។
មេធាវីរបស់ត្រាំលោកខូហិន បានឆ្លើយទទួលទោសកាលពីឆ្នាំ២០១៨ចំពោះរំលោភច្បាប់ហិរញ្ញវត្ថុសហព័ន្ធសំរាប់យុទ្ធនាការ ដោយសារតែបានព្យាយាមយកលុយទៅអោយនាងឌែនៀលស៍ និងស្ត្រីម្នាក់ទៀតជាថ្នូរនឹងការបិទមាត់មិននិយាយចេញអំពីទំនាកើទំនងរបស់គេជាមួយលោកត្រាំ ។លោកបាននិយាយថាលោកត្រាំបានបញ្ជាអោយលោកយលលុយទៅអោយស្ត្រីទាំងនេះ។
ការប្រកាសរបស់ត្រាំដែលថាលោករំណឹងថានឹងត្រូវគេចាប់ខ្លួននៅថ្ងៃអង្គារ ផ្អែកលើរបាយការណ៍ព័ត៌មានដែលថា ការិយាល័យរបស់រដ្ឋអាជ្ញាស៊ើបអង្កេតកំពុងជួបប្រជុំជាមួយផ្នែកអនុវត្តច្បាប់ដើម្បីត្រៀមធ្វើការចោទប្រកាន់លោកជាផ្លូវការ។ការស៊ើបអង្កេតនេះជាបញ្ហាផ្លូវច្បាប់មួយក្នុងចំណោមបណ្តឹងជាច្រើនដែលត្រាំប្រឈម នៅពេលលោកស្វះស្វែងរកតំណែងប្រធានាធិបតីអាម៉េរិកជាថ្មី៕
ត្រាំក៏កំពុងត្រូវអាជ្ញាធរស៊ើបអង្កេតចំពោះទោសកំហុសបង្កភាពវឹកវរ ដោយសារតែមិនទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ២០២០
អ្នកគាំទ្រត្រាំចេញមកបណ្តើរៗក្រោយលោកអំពាវនាវអោយពួកគេចេញមកប្រឆាំង