ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៨ មីនា ម្សិលមិញនេះ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់ដណ្តើមពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន» ប្រចាំឆ្នាំ២០២៣ បានបញ្ចប់ហើយ ។
ការប្រកួតផ្ដាច់ព្រ័ត្រ គឺជាជំនួបរវាងក្រុម ស.ស.យ.ក ក្រសួងសាធារណការ ជាមួយ ក្រុម ស.ស.យ.ក ក្រសួងសុខាភិបាល។ ពិធីបិទការប្រកួតនេះ ក៏មានវត្តមានលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានទៅចូលរួមលើកទឹកចិត្ត ដល់ក្រុមរបស់លោក។
ក្រុមទាំង២ បានប្រកួតយ៉ាងស្វិតស្វាញ ដែលជាលទ្ធផលក្រុមបាល់ទាល់យុវជន ស.ស.យ.ក. ក្រសួងសាធារណការ និងដឹកជញ្ជូន យកឈ្នះលើក្រុមបាល់ទាត់យុវជន ស.ស.យ.ក. ក្រសួងសុខាភិបាល ដោយលទ្ធផល ៤គ្រាប់ ទល់នឹង ៣។
ក្រុម ស.ស.យ.ក ក្រសួងសាធារណការ មិនត្រឹមតែជាក្រុមលើកពានប៉ុណ្ណោះទេ តែ
ក៏ទទួលបានពានរង្វាន់ គ្រូបង្វឹកល្អ និងអ្នកចាំទីល្អជាងគេទៀតផង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ដំណើរការអស់រយៈពេលមួយខែកន្លះ មកហើយ ហើយក៏ជាព្រឹត្តិការណ៍ ដែលផ្ដួចផ្ដើមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាដែរ៕ V / N