ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងផ្សព្វផ្សាយបន្ថែម លទ្ធផលស្មារតី នៃអង្គសន្និបាតវិសាមញ្ញ តំណាងទូទាំងខេត្ត របស់គណបក្សប្រជាជនកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីប្រធាន អនុប្រធានសមាជិកគណ:កម្មាធិការ គណបក្សប្រជាជនខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងក្រុមការងារចុះជួយ មូលដ្ឋាន ប្រមាណ ២០០ នាក់។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី បានឲ្យណែនាំបន្ត និងបន្ថែមឱ្យអនុប្រធាន សមាជិក សមាជិកាគណបក្ស និងក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងសាមគ្គីភាព ក្នុងក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ អង្គការមហាជន ពិសេសយុវជន ហើយធ្វើសកម្មភាព ឲ្យបានសកម្មផុលផុស ឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅ នៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយ អាណត្តិទី៧ ដែលគណបក្ស បានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្ស។
លោក អ៊ុំ រាត្រី បានបន្តថាៈ ក្រុមការងារគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រ ដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែង អនុវត្តផែនការការងារ ឆ្ពោះទៅកាន់ការបោះ ឆ្នោត ឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ ស្នើបន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោត តាមគោលការណ៍ រក្សាចាស់ កសាងថ្មី ដោយខិតខំធ្វើឲ្យសមាជិកម្នាក់ ជាម្ចាស់សន្លឹក ឆ្នោត គាំទ្រគណបក្សមួយសន្លឹក។ គណបក្សប្រជាជនកម្ពុជា នៅតែបន្តប្តេជ្ញា ចំពោះ មុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួន ឲ្យបាន ជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គម ជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់ លើគ្រប់វិស័យ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន គ្រប់ៗរូប នៅគ្រប់មូលដ្ឋាន។
ជាពិសេស ពង្រឹងស្មារតីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបន្តគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ ៕ V / N