ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ក្រុមជ្រុល និយមមួយចំនួន ដែលតែងតែភូតភរ កុហកបោកប្រាស់ និងញុះញង់អុជអាល តាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិ ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើ ផលប្រយោជន៍ និងមហិច្ឆតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះ ឡើយ អំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន។
ការបញ្ជាក់នេះក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណ គិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថាៈ ”គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក -សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឥតស្រាកស្រាន្ត ក្នុងបំណងប្រាថ្នា ដើម្បីឱ្យប្រជាពលរដ្ឋ មានជីវភាពធូរធាចម្រុងចម្រើន រួមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុភមង្គល”។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ សកម្មភាពប្រកបដោយការ ប្តេជ្ញាចិត្តទាំងនេះ គឺជាសច្ចធម៌ដែលអាចត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈ សមិទ្ធផល ពិតជាក់ស្តែងជាច្រើន នៅទូទាំងប្រទេស និងការទទួលបានជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងរយៈកាលជាច្រើនឆ្នំា កន្លងមកនេះ។ ដូច្នេះ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ គប្បីរួមគ្នាការពារស្នាដៃ សមិទ្ធផល និងកិត្យានុភាព របស់គណបក្ស ក៏ដូចជាសុច្ចរិតភាព និងភាពស្មោះត្រង់ របស់ថ្នាក់ដឹកនាំគណបក្ស ចំពោះការការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរ កុហកបោកប្រាស់ និងញុះញង់អុជអាល តាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណា បង្កអស្ថិរភាព និងបរិយាកាសវឹកវរ ច្របូកច្របល់ ដែលអាចនឹងនាំ ប្រទេសជាតិ ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយ អំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលេីកឡេីងថាៈ ការជួបជុំគ្នាក្នុងបរិយាកាសសប្បាយ រីករាយនាថ្ងៃនេះ ខុសពីស្ថានភាពក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលក្នុងកាលៈទេសៈនោះ ប្រទេសកម្ពុជាយើង កំពុងតែវឹកវរជ្រួលច្របល់ និងរងគ្រោះដោយជម្លោះបែកបាក់ ដែលនាំឱ្យមានការកាប់សម្លាប់ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញរាល់សមិទ្ធផលសង្គម រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការធ្វើទុក្ខបុកម្និញ បិទសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋ ពីការគោរពប្រតិបត្តិជំនឿសាសនា។ ក្នុងន័យនេះ សូមអ៊ុំពូមីង បងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព តាមរយៈ៖ ទី១. ការជួយទប់ស្កាត់ការវិល ត្រលប់មកវិញនូវសង្គ្រាម និងជម្លោះបែកបាក់គ្រប់រូបភាព, ទី២. ការជួយថែរក្សា ការពារសមិទ្ធផល ដែលបានកើតមានទ្បើង ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងទី៣. ការបន្តចូលរួមកសាងនូវ សមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ ជូនជាតិ និងទុកជាកេរ ដំណែល សម្រាប់ជំនាន់ក្រោយៗទៀត៕ V / N