ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កូរ៉េខាងជើងនៅថ្ងៃអាទិត្យទី១៩មីនានេះ បានបាញ់កាំជ្រួចផ្លោងចម្ងាយខ្លីឆ្ពោះកាន់សមុទ្រដោយបង្កើនការបាញ់សាកល្បងជាការឆ្លើយតបនឹងសមយុទ្ធទ្រង់ទ្រាយធំដែលកំពុងធ្វើរវាងអាម៉េរិកនិងកូរ៉េខាងត្បូង។
ការបន្តសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងបានបង្ហាញថា ការតាំងចិត្តរបស់ប្រទេសកុំម្មុយនីស្តឯកោនេះមិនថមថយឡើងទោះជាអាម៉េរិកនិងកូរ៉េខាងត្បូងកំពុងសម្ញែងកម្លាំងដ៏ធំ។តែពួកអ្នកជំនាញការនិយាយថា ការសាកល្បងនេះក៏ជាផ្នែកនៃគោលដៅធំរបស់កូរ៉េខាងជើង គឺពង្រីកឃ្លាំងសព្វាវុធរបស់ខ្លួន បានការទទួលស្គាល់ពីអន្តរជាតិថាជាប្រទេសមានសព្វាវុធនុយក្លេអ៊ែរមួយ ហើយទណ្ឌកម្មអន្តរជាតិលើខ្លួនត្រូវបានដកចេញ។
យោងតាមការវាយតំលៃរបស់ជប៉ុននិងកូរ៉េខាងត្បូង កាំជ្រួចត្រូវបានបាញ់ចេញពីតំបន់តុងចាងរី(Tongchangri)និងហោះកាត់ប្រទេសមុនធ្លាក់ចូលក្នុងទឹកសមុទ្រនៅឯនាយឆ្នេរខាងកើតរបស់ប្រទេសនេះ។វាហោះបានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ ជាចម្ងាយដែលអាចវាយប្រហារដល់កូរ៉េខាងត្បូង។
ក្នុងពេលជាមួយគ្នាតំណាងនុយគ្លេអ៊ែរមកពីជប៉ុន កូរ៉េខាងត្ពុងនិងអាម៉េរិកបានពិភាក្សាគ្នាតាមទូរស័ព្ទនិងបានថ្កោលទោសវាជាខ្លាំងដោយចាត់ទុកជាការបង្ករឿងនិងគំរាមដល់សន្តិភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងតំបន់។ពួកគេបានព្រមព្រៀងគ្នាថានឹងពង្រឹងការសម្របសម្រួលគ្នាដើម្បីចេញការឆ្លើយតបអន្តរជាតិដ៏ខ្លាំងក្លាមួយចំពោះអំពើរបស់កូរ៉េខាងជើង។
នៅថ្ងៃអាទិត្យនេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាខ្លួនបន្តសមយុទ្ធដែលនៅសេសសល់ជាមួយអាម៉េរិកនិងរក្សាការត្រៀមខ្លួនដើម្បីឆ្លើយតបដ៏លើសលប់ចំពោះការបង្ករឿងណាមួយពីកូរ៉េខាងជើង។
ជាផ្នែកនៃសមយុទ្ធកាលពីថ្ងៃអាទិត្យ អាម៉េរិកបានបង្ហោះយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយB-1Bដើម្បីហ្វឹកហាត់រួមជាមួយយន្តហោះកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា កូរ៉េខាងជើងខ្លាចណាស់ចំពោះការបញ្ជូនយន្តហោះB-1Bមកកាន់កូរ៉េ ដោយសារវាអាចផ្ទុកគ្រាប់បែកធម្មតាធំៗ និងគ្រាប់នុយក្លេអ៊ែរ។
អាម៉េរិកបានបង្ហោះយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយB-1Bដើម្បីហ្វឹកហាត់រួមជាមួយយន្តហោះកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ
ទាហានអាម៉េរិកក្នុងសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងនៅទីតាំងបាញ់គ្រាប់ពិតប៉ូឆុនកាលពីថ្ងៃ១៩មីនា
បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិកបាននិយាយថា ការបាញ់កាំជ្រួចកាលពីថ្ងៃ១៩មីនារបស់កូរ៉េខាងជើងមិនបង្កការគំរាមផ្ទាល់ចំពោះទឹកដីអាម៉េរិក ឬសម្ពន្ធមិត្តរបស់ខ្លួនទេ។តែថា ការបាញ់កាំជ្រួចប៉ុន្មានគ្រាប់ចុងក្រោយនេះរំលេចអោយឃើញផលនៃកម្មវិធីសព្វាវុធខុសច្បាប់របស់កូរ៉េខាងជើង និងថាការប្តេជ្ញាចិត្តរបស់អាម៉េរិកអំពីការធានាសន្តិសុខចំពោះកូរ៉េខាងត្បូងនិងជប៉ុន «រឹងដូចដែក»៕
រដ្ឋមន្ត្រីការពារជាតិជប៉ុនបបាននិយាយថាកាំជ្រួចដែលកូរ៉េខាងជើងបាញ់កាលពីថ្ងៃអាទិត្យទំនងជាកាំជ្រួចអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរKN-23 ដែលយកគំរូតាមកាំជ្រួចIskanderរបស់រុស្ស៊ី