ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ប្រឈមមុខនឹងពេលវេលាដ៏សំខាន់នៅថ្ងៃចន្ទទី២០មីនានេះនៅពេលដែលសភាជាតិបារាំងគ្រោងនឹងបោះឆ្នោតលើញត្តិសម្តែងការមិនទុកចិត្តដែលត្រូវបានដាក់ស្នើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់គាត់បានរំលងសភាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីជំរុញផែនការបង្កើនអាយុចូលនិវត្តន៍។
ចំណាត់ការ ដែលបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍ បានបង្កឱ្យមានភាពចលាចលនិងបាតុកម្មរយៈពេលបីយប់នៅក្នុងទីក្រុងប៉ារីសនិងនៅទូទាំងប្រទេស ដោយមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន ដែលនេះធ្វើឱ្យគេនឹកឃើញដល់ការតវ៉ារបស់ចលនាអាវកាក់ពណ៌លឿង ដែលបានផ្ទុះឡើងនៅចុងឆ្នាំ ២០១៨ ជុំវិញតម្លៃប្រេងឥន្ធនៈខ្ពស់។
នៅក្នុងសញ្ញាបង្ហាញថាលោកម៉ាក្រុងប្រកាន់ជំហរមាំទាំរបស់គាត់ អ្នកនាំពាក្យរបស់គាត់កាលពីយប់ថ្ងៃអាទិត្យបាននិយាយថាលោកប្រធានាធិបតីបានទូរស័ព្ទទៅប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាដើម្បីនិយាយថាគាត់ចង់ឱ្យកំណែទម្រង់សោធននិវត្តន៍បានទៅដល់ “ចប់ចុងចប់ដើមនៃដំណើរការប្រជាធិបតេយ្យ”។
លោកម៉ាក្រុងក៏បានប្រាប់ពួកគាត់ដែរថា រដ្ឋាភិបាលនឹងចេញមុខ “ការពារ” សមាជិកសភាដែលកំពុងប្រឈមមុខនឹងសម្ពាធនៅមុនការបោះឆ្នោត។
ទោះយ៉ាងណា ខណៈការបោះឆ្នោតថ្ងៃចន្ទនេះអាចនឹងបង្ហាញពីកម្រិតនៃកំហឹងចំពោះរដ្ឋាភិបាលរបស់លោកម៉ាក្រុង វាមិនទំនងអាចទម្លាក់ចោលកំណែទម្រង់បាននោះឡើយ។
សមាជិកសភាគណបក្សប្រឆាំងបានដាក់ញត្តិសម្តែងការមិនទុកចិត្តចំនួនពីរនៅក្នុងសភាកាលពីថ្ងៃសុក្រ។
ក្រុមកណ្តាលនិយម គឺបក្សលីយ៉ូត (Liot) បានស្នើឱ្យមានញ្ញត្តិសម្តែងការមិនទុកចិត្តពីពហុបក្ស ដែលបានចុះហត្ថលេខារួមគ្នាដោយសម្ពន្ធមិត្តឆ្វេងនិយមរបស់ខ្លួនគឺបក្សញូប (Nupes)។ ប៉ុន្មានម៉ោងក្រោយមក គណបក្សស្តាំនិយមរបស់បារាំងគឺបក្សរួបរួមជាតិ ដែលមានសមាជិកសភាចំនួន៨៨រូប ក៏បានដាក់ញត្តិសម្តែងការមិនទុកចិត្តផងដែរ។
ប៉ុន្តែទោះបីជាគណបក្សរបស់លោកម៉ាក្រុងបាត់បង់សំឡេងភាគច្រើនដាច់ខាតរបស់ខ្លួននៅក្នុងសភាជាន់ទាបបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុនក្តីក៏វានៅតែមានឱកាសតិចតួចដែលថាញត្តិពហុបក្សនឹងទទួលបានជោគជ័យ លុះត្រាតែសម្ពន្ធភាពដ៏ភ្ញាក់ផ្អើលណាមួយនៃសមាជិកសភាមកពីគ្រប់បក្សទាំងអស់ ត្រូវបានបង្កើតឡើង រាប់ចាប់ពីពួកឆ្វេងនិយមរហូតដល់ពួកស្តាំនិយម។
ពួកមេដឹកនាំនៃគណបក្សអភិរក្ស គឺបក្សសាធារណរដ្ឋ (LR)បានច្រានចោលសម្ពន្ធភាពបែបនោះទៅហើយ។ គ្មានពួកគេណាម្នាក់បានគាំទ្រញត្តិសម្តែងការមិនទុកចិត្តលើកដំបូង ដែលបានដាក់កាលពីថ្ងៃសុក្រនោះឡើយ។
ប៉ុន្តែគណបក្សនេះនៅតែប្រឈមនឹងសម្ពាធមួយចំនួន។
នៅទីក្រុងនីស (Nice)ភាគខាងត្បូង ការិយាល័យនយោបាយរបស់លោក អេរិក ស៊ីយ៉ូតទី (Eric Ciotti) មេដឹកនាំរបស់បក្សសាធារណរដ្ឋ ត្រូវបានវាយកម្ទេចទាំងយប់ហើយបន្សល់ទុកស្លាកជាច្រើនដែលគំរាមធ្វើកុបកម្ម ប្រសិនបើញត្តិមិនត្រូវបានគាំទ្រ។
លោកស៊ីយ៉ូតទីបានសរសេរនៅលើ Twitter ថា “ពួកគេចង់ដាក់សម្ពាធលើការបោះឆ្នោតរបស់ខ្ញុំនៅថ្ងៃចន្ទតាមរយៈអំពើហិង្សា។ខ្ញុំនឹងមិនចុះញ៉មចំពោះពួកភេរវករមិនទាន់ជ្រុះពន្លៃពីក្បាលនោះឡើយ”៕
ប្រជាជនបារាំងតវ៉ាប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍របស់លោកម៉ាក្រុងក្នុងទីក្រុងប៉ារីស