ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី គឺជាជើងឯកកីឡា Snooker ដ៏ល្បីល្បាញមួយរូប សម្រាប់កម្ពុជា-កូរ៉េ និងនៅលើឆាកអន្តរជាតិនោះ បានអំពាវនាវជាមុនរកអ្នកជំងឺចំហបេះដូង ជាជនជាតិខ្មែរ ចំនួន ១៥ នាក់ ដើម្បីទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសកូរ៉េខាងត្បូង។

នាពេលខាងមុខ ក្រុមគ្រូពេទ្យជំនាញ នឹងធ្វើដំណើរមកពិនិត្យអ្នកជំងឺ នៅកម្ពុជា ហើយនាំទៅព្យាបាល នៅប្រទេសកូរ៉េ ផ្ទាល់តែម្ដង។ អ្នកស្រី​មានកំណើតជាជន ជាតិខ្មែរ តែចំណងអាពាហ៍ពិពាហ៍ ជាមួយស្វាមីជនជាតិកូរ៉េ និងបានទៅរស់នៅ សាធារណរដ្ឋកូរ៉េ ច្រើនឆ្នាំមកហើយ ព្រមទាំងបានចាប់អាជីព ជាកីឡាការិនី នៅប្រទេសកូរ៉េ តែម្ដង។

យោងតាមការប្រកាសអំពាវនាវ របស់កីឡាការិនីកម្ពុជា ស្រួង ភាវី នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ គឺនាពេលខាងមុខ ឆាប់ៗនេះ នឹងមានក្រុមគ្រូពេទ្យ ចេញដំណើរពីកូរ៉េខាង ត្បូង ដើម្បីទៅពិនិត្យអ្នកជំងឺ ១៥ នាក់ ដែលមានបញ្ហា «បេះដូងចំហ» នៅប្រទេស កម្ពុជា ហើយនឹងនាំអ្នកជំងឺទាំងនោះ ទៅព្យាបាល នៅប្រទេសកូរ៉េខាងត្បូង។ ដូច្នេះហើយ ទើបអ្នកស្រី ស្រួង ភាវី ប្រកាសអំពាវនាវជាមុន ដោយជ្រើសរើសដំបូង ត្រឹមតែ ១៥ នាក់នោះ។

អ្នកស្រី បានអំពាវនាវថាៈ «ប្រសិនបើពុកម៉ែបងប្អូន ដែលមានជំងឺចំហបេះដូង ដែលមានអាយុចាប់ពី ៥ឆ្នាំ ដល់ ២០ឆ្នាំ សូមសរសេរឈ្មោះ លេខទូរស័ព្ទ រូបថតរបស់អ្នកជំងឺ និងអាសយដ្ឋាន ដាក់ចូលក្នុងផេកហ្វេសប៊ុកផ្លូវការ Sruong Pheavy ដើម្បីងាយស្រួលអ្នកស្រី ធ្វើការជូន»។

សូមបញ្ជាក់ថា កីឡាការិនីជាតិកម្ពុជារូបនេះ តែងចូលរួមប្រកួត ក្នុងនាមតំណាង ប្រទេស ព្រមទាំងបានទទួលមេដាយ និងពានរង្វាន់យ៉ាងច្រើន សម្រាប់មាតុភូមិ កម្ពុជារបស់អ្នកស្រី៕ V / N