ប្រែសម្រួលៈបំណង(REUTERS, BLOOMBERG)៖ធនគារUBSកាលពីថ្ងៃអាទិត្យបានយល់ព្រមទិញយកគូប្រជែង Credit Suisseក្នុងកិច្ចពិភាក្សាម៉ោងទី១១ដឹកនាំសម្របសម្រួលដោយអាជ្ញាធរស្វីសដើម្បីបញ្ចូលធនាគារទាំងពីរនេះជាមួយគ្នា នៅពេលធនាគារកណ្តាលកំពូលៗរបស់ពិភពលោកខ្លះបានព្យាយាមធានាអះអាងចំពោះអ្នកវិនិយោគឡើងវិញអំពីសុខភាពប្រព័ន្ធធនាគារ។
UBSនឹងចំណាយ៣ពាន់លានហ្វ្រង់ស្វីស(៣,២៤ពាន់លានដុល្លារ)ហើយសន្មតថានឹងខាតបង់អស់៥,៤ពាន់លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងមួយដែលរំពឹងថានឹងសំរេចសព្វគ្រប់នៅចុងឆ្នាំ២០២៣ឯណោះ។
ក្នុងសញ្ញានៃការឆ្លើយតបបែបសម្របសម្រួលគ្នាជាសកលមួយ ធនាគារកណ្តាលអាម៉េរិកកាលពីថ្ងៃអាទិត្យបាននិយាយថាខ្លួនបានចូលរួមជាមួយបណ្តាធនាគារកណ្តាលកាណាដា អង់គ្លេស ជប៉ុន សហភាពអឺរ៉ុបនិងស្វីស នៅក្នុងការចាត់វិធានការបែបសហការគ្នាមួយដើម្បីជំរុញសាច់ប្រាក់ក្នុងទីផ្សារ។ធនាគារកណ្តាលអឺរ៉ុបបានប្តេជ្ញាគាំទ្រធនាគារនៅតំបន់ចាយប្រាក់អឺរ៉ូជាមួយនឹងការផ្តល់ប្រាក់កំចីតាមតំរូវការ និងថាការជួយសង្គ្រោះធនាគារCredit Suisseពីអាជ្ញាធរស្វីសសំខាន់សំរាប់ស្តារភាពស្ងប់ស្ងាត់ឡើងវិញ។
សូមបញ្ជាក់ថា ពួកមន្ត្រីស្វីសរួមជាមួយក្រុមអ្នកចាត់ចែងការធនាគារធំៗក្នុងលោកបានតស៊ូសង្គ្រោះធនាគារCredit Suisseចំណាស់១៦៧ឆ្នាំនេះ ក្រោយពីសប្តាហ៍ដ៏ជូរចត់មួយ ដែលគេបានឃើញធនាគារធំបំផុតទីពីរនិងបីរបស់អាម៉េរិកបានដួលរលំក្នុងប្រវត្តិសាស្ត្រ។ ដោយត្រូវបានចាត់ទុកជាធនាគារសំខាន់ជាប្រព័ន្ធមួយក្នុងចំណោមធនាគារសកលលោកចំនួន៣០ កិច្ចព្រមព្រៀងណាមួយសំរាប់Credit Suisseអាចជួយអោយទីភ្សារហិរញ្ញវត្ថុសកលដំណើររលូនបន្តិច។
ធនាគារកណ្តាលអឺរ៉ុបបាននិយាយថា«វិស័យធនាគារតំបន់ចាយអឺរ៉ូធន់ឆាប់សកម្មក្លៀវក្លាឡើងវិញ ជាមួយនឹងជំហរទុននិងលំហូរសាច់ប្រាក់រឹងមាំ។ក្នុងករណីណាមួយ ឧបករណ៍គោលនយោបាយមួយឈុតរបស់យើងត្រូវបានបំពាក់ពេញលេញរួចជាស្រេចដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់ដល់ប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ចាយអឺរ៉ូបើសិនជាត្រូវការចាំបាច់ និងរក្សាការបញ្ជូនគោលនយោបាយរូបិយវត្ថុដោយរលូន»។
ប្រធានធនាគារអាម៉េរិកលោកជើរ៉ូម ផោវែល( Jerome Powell)និងរដ្ឋមន្ត្រីរតនាគារអាម៉េរិកលោកស្រី ចាណេត យ៉េឡេន( Janet Yellen ) បាននិយាយថាអាម៉េរិកស្វាគមន៍ការប្រកាសដោយអាជ្ញាធរស្វីស។
ពួកនិយ័តករស្វីសត្រូវបង្ខំអោយចូលអន្តរាគមន៍ដើម្បីរារាំងកុំអោយវិបត្តិទំនុកចិត្តរាលដាលចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុកាន់តែធំឡើង។
ធនាគារកណ្តាលអង់គ្លេសក៏ស្វាគមន័ព័ត៌មានស្តីពីកិច្ចព្រមព្រៀងទិញយកធនាគារមានបញ្ហានេះនិងថាប្រព័ន្ធធនាគារអង់គ្លេសនៅមានលុយគ្រប់គ្រាន់។
ការបញ្ជូលធនាគារស្វីសនេះកើតឡើងក្រោយពីមានកិច្ចខិតខំនៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិកដើម្បីគាំទ្រវិស័យនេះចាប់តាំងពីការដួលរលំធនាគារផ្តល់ប្រាក់កំចីអាម៉េរិកSilicon Valley Bank និង Signature Bank។ដោយជួយអោយមានការធូរស្រាលយ៉ាងហោចណាស់ក៏ជាបណ្តោះអាសន្ន ឥឡូវការផ្តោតអារម្មណ៍ចោលទៅលើធនាគារផ្តល់កំចីធុនកណ្តាលនៅអាម៉េរិក។សម្ពាធមកពីការហូរចេញសាច់ប្រាក់ពីគណនីតម្កល់នៅតែមាន ទោះជាធនាគារធំៗជាច្រើនបានចាត់វិធានការបញ្ចូលលុយ៣០ពាន់លានដុល្លារទៅក្នុងធនាគារFirst Republicដើម្បីកុំអោយវាដួលរលំមួយទៀត៕
ប្រធានធនាគារស្វីសទាំងពីរនិយាយក្នុងសន្និសីទកាសែតនៅក្រុបប៊ឺនកាលពីថ្ងៃអាទិត្យ