ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសនៅក្នុងរដ្ឋធានីប៉ាគីស្ថានកាលពីថ្ងៃអាទិត្យទី១៩មីនាបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ (Imran Khan)ជំនួយការរបស់គាត់ចំនួន១៧នាក់ និងអ្នកគាំទ្រជាច្រើននាក់ ដោយចោទប្រកាន់ពួកគេពីបទភេរវកម្មនិងបទល្មើសជាច្រើនផ្សេងទៀតបន្ទាប់ពីអ្នកគាំទ្ររបស់នាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីតំណែងរូបនេះ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខក្នុងទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃសៅរ៍បណ្តាលអោតរងរបួសមនុស្សជាងមួយរយនាក់នៅភាគីទាំងសងខាង។
អតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់
អស់ជាច្រើនម៉ោងកាលពីថ្ងៃសៅរ៍ អ្នកគាំទ្ររបស់លោកខាន់បានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅតុលាការ កន្លែងដែលអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបង្ហាញខ្លួនក្នុងសំណុំរឿងពុករលួយ។ ប៉ូលិសប្រឆាំងកុបកម្មបានប្រើដំបងវាយនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមអ្នកគាំទ្ររបស់លោកខាន់បានគប់គ្រាប់បែកភ្លើងនិងគប់ដុំថ្មមកលើមន្ត្រីប៉ូលិស។
ប៉ូលិសជាង៥០នាក់បានរងរបួសនិងប៉ុស្តិ៍ត្រួតពិនិត្យមួយរបស់ប៉ូលិស រថយន្ត និងម៉ូតូជាច្រើនគ្រឿងត្រូវបានដុតឆេះ។ ប៉ូលិសបាននិយាយថា អ្នកគាំទ្ររបស់លោកខាន់ចំនួន ៥៩នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងអំពើហិង្សា។
លោកខាន់ពិតជាមិនដែលបានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថាគាត់បានលក់អំណោយរបស់រដ្ឋដែលទទួលបានក្នុងពេលកំពុងកាន់តំណែងនិងបានលាក់បាំងទ្រព្យសម្បត្តិជាច្រើន។
ក្រៅពីលោកខាន់ ពាក្យបណ្តឹងនានា ដែលបានដាក់កាលពីថ្ងៃអាទិត្យ ក៏បានបានចោទប្រកាន់សមាជិកសភាអតីតនិងបច្ចុប្បន្ន អតីតរដ្ឋមន្ត្រី អតីតប្រធានរដ្ឋសភា និងអ្នកគាំទ្រលោកខាន់មួយចំនួនផងដែរ។ បទចោទទាំងនោះរួមមានអំពើភេរវកម្ម ការរារាំងមន្ត្រីប៉ូលិសក្នុងការបំពេញភារកិច្ច ការវាយប្រហារលើប៉ូលិស ការបង្ករបួសស្នាម និងការគំរាមកំហែងដល់អាយុជីវិត។
ការវិវឌ្ឍចុងក្រោយបំផុតនេះគឺពាក់ព័ន្ធនឹងការកើនឡើងអំពើហិង្សាជុំវិញលោកខាន់អាយុ៧០ឆ្នាំដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងសភាកាលពីខែមេសាឆ្នាំមុន។ ចាប់តាំងពីពេលនោះមក អតីតតារាកីឡាគ្រីឃីតប្រែមកជាអ្នកនយោបាយអ៊ីស្លាមរូបនេះ បានអះអាងដោយគ្មានភស្តុតាងថាការបណ្តេញគាត់គឺខុសច្បាប់និងមានការឃុបឃិតពីសំណាក់អ្នកស្នងតំណែងដឹកនាំរដ្ឋាភិបាលរបស់គាត់ គឺលោក សាបាស សារីហ្វ (Shahbaz Sharif) និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ទាំងលោកសារីហ្វនិងសហរដ្ឋអាម៉េរិកបានបដិសេធការចោទប្រកាន់នេះ៕
អ្នកគាំទ្រលោកខាន់ប៉ះទង្គិចជាមួយប៉ូលិសនៅក្រៅតុលាការក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃអាទិត្យ