ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលនានាបានផ្តល់ពរជ័យរបស់ពួកគេកាលពីថ្ងៃអាទិត្យទី១៩មីនាដល់របាយការណ៍ថ្មីដ៏សំខាន់របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីការអនុម័តត្រូវបានជាប់គាំងក្នុងសមរភូមិរវាងប្រទេសអ្នកមាននិងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញគោលដៅនៃការបំភាយឧស្ម័ននិងជំនួយហិរញ្ញវត្ថុដល់ប្រទេសងាយរងគ្រោះ។
របាយការណ៍របស់អ្នកវិទ្យាសាស្ត្រកំពូលៗរាប់រយនាក់របស់ពិភពលោកត្រូវបានសន្មតថាត្រូវអនុម័តដោយគណៈប្រតិភូរដ្ឋាភិបាលនានាកាលពីថ្ងៃសុក្រនៅចុងបញ្ចប់នៃកិច្ចប្រជុំពេញមួយសប្តាហ៍ក្នុងទីក្រុងអ៊ីនធឺឡេខិន (Interlaken) ប្រទេសស្វីស។
កិច្ចប្រជុំបិទត្រូវបានបន្លាយពេលម្តងហើយម្តងទៀត នៅពេលដែលពួកមន្ត្រីមកពីប្រទេសធំៗដូចជា ចិន ប្រេស៊ីល អារ៉ាប៊ីសាអូឌីត សហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុបជំទាស់កាលពីចុងសប្តាហ៍ជុំវិញពាក្យពេចន៍នៃឃ្លាសំខាន់ៗនៅក្នុងអត្ថបទ។
របាយការណ៍របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អ.ស.បស្តីពីការប្រែប្រួលអាកាសធាតុបានបង្ហាញសេចក្តីសង្ខេបការស្រាវជ្រាវជាច្រើនស្តីពីការឡើងកំដៅផែនដីដែលបានចងក្រងចាប់តាំងពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសត្រូវបានយល់ព្រមក្នុងឆ្នាំ ២០១៥។
សេចក្តីសង្ខេបនៃរបាយការណ៍ត្រូវបានអនុម័តកាលពីព្រឹកថ្ងៃអាទិត្យទី១៩មីនា ប៉ុន្តែការឯកភាពគ្នាលើអត្ថបទសំខាន់បានអូសបន្លាយពេលជាច្រើនម៉ោងទៀតដោយអ្នកសង្កេតការណ៍មួយចំនួនបារម្ភថាវាប្រហែលជាត្រូវពន្យារពេលទៀត។
អ.ស.បគ្រោងនឹងចុះផ្សាយរបាយការណ៍នេះក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃចន្ទនេះ៕
មនុស្សដើរកាត់ទឹកជំនន់នៅនីហ្សេរីយ៉ាកាលពីខែកញ្ញាឆ្នាំ២០២២