ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំប្រារព្វខួបលេីកទី ៤៣ ឆ្នាំ នៃការដាក់ឱ្យប្រេីប្រាស់ប្រាក់រៀល និងចរាចរឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៣)​ នៅផ្សារទំនេីបអុីអនម៉ល​មានជ័យ កាលពីថ្ងៃអាទិត្យ​ទី១៩ មីនា​ ២០២៣ នេះ ។

លោកស្រី ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរក្សា បានលំនឹង នៃការប្រើប្រាស់ប្រាក់រៀល នៅកម្ពុជា ខណៈពីមួយឆ្នាំ ទៅមួយឆ្នាំ ការយល់ដឹងពីការប្រើប្រាស់ប្រាក់រៀល របស់ប្រជាពលរដ្ឋ មានការកើនឡើង ។

ថ្លែងក្នុងកម្មវិធីទិវាប្រាក់រៀល ខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ រៀបចំឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅផ្សារទំនើបអុីអនម៉ល មានជ័យ (អុីអន៣) លោកស្រី ជា សិរី បានថ្លែងថាៈ «បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រាក់រៀល មានការកើនឡើងជាងមុន ពីមួយឆ្នាំ ទៅមួយឆ្នាំ ប៉ុន្ដែមិនកើនឡើងខ្លាំងក្លានោះទេ ប៉ុន្ដែធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យ ក្នុងការរក្សាបានសមាមាត្រ នៃការប្រើប្រាស់ ប្រាក់រៀល និងប្រាក់ដុល្លារ នៅកម្ពុជា រហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្ដី យើងនៅតែទាមទារ ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពីដៃគូពាក់ព័ន្ធពិសេស គឺការចូលរួមចំណែក ពីសាធារណៈជនក្នុងការប្រើប្រាស់ ប្រាក់រៀល»។

លោកស្រី ជា សិរី បានបញ្ជាក់ថាៈ ជាក់ស្ដែង ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា រៀបចំទិវា ប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ រៀបចំឡើងក្នុង ផ្សារទំនើបអុីអនម៉ល មានជ័យ (អុីអន៣) ចំពោះការជ្រើសរើសទីតាំងផ្សារទំនើបនេះ គឺជាយុទ្ធសាស្រ្ដមួយ ក្នុងការបញ្រ្ចប់ចំណេះដឹង ដល់យុវវ័យព្រោះថា ភាគច្រើន យុវវ័យ យុវជន ចូលចិត្ដដំណើរកំសាន្ដច្រើន ដូច្នេះការជ្រើសរើសទីតាំងនេះ ដើម្បីទាក់ទាញយុវជន កាន់តែខ្លាំងលើការប្រើប្រាស់រូបបិវត្ថុជាតិ និងយល់ដឹងពីសារៈ សំខាន់ នៃការប្រើប្រាស់ប្រាក់រៀល។

លោកស្រី បានបញ្ជាក់ថាៈ ឧបសគ្គនៃការប្រើប្រាស់ប្រាក់រៀល នៅតែមាន ដោយសារតែផ្នត់គំនិតចាស់ៗ របស់ប្រជាពលរដ្ឋ បារម្ភលើបញ្ហានៃការអស្ថេរភាព ដែលធ្វើឲ្យពលរដ្ឋ ងាកទៅសន្សំ និងចាយប្រាក់បរទេស។ សម្រាប់ប្រទេសកម្ពុជា អត្រាប្ដូរប្រាក់ ត្រូវបានរក្សាបានយ៉ាងល្អ ទោះបីស្ថិតក្នុងអំឡុងពេល នៃការរីករាល ដាល នៃជំងឺកូវីដ១៩ ក្ដី ហើយថ្មីៗនេះ ឃើញថា រូបបិយបណ្ណបរទេស បានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារ ប៉ុន្ដែចំពោះលុយរៀលយើងវិញ នៅតែក្សារបានស្ថេរភាពល្អ។

លោកស្រី បានបញ្ជាក់ថាៈ ប្រាក់រៀល នៅតែរក្សាបានស្ថេរភាពល្អ តែទោះជាយ៉ាង នេះក្ដី ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ នៅតែគិតថា ការប្រើប្រាស់គិតជាដុល្លារ មានភាព ងាយស្រួល ជាងប្រាក់រៀល ហើយមានមតិខ្លះ បានលើកឡើង ពីបញ្ហានៃការពិបាក ក្នុងការគិតប្រាក់ ជាប្រាក់រៀល ដែលធ្វើឲ្យការប្រើប្រាស់ប្រាក់រៀល។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ការទូរទាត់ និងប្រើប្រាស់ប្រាក់រៀល លែងពិបាកហើយ ដោយសារតែយើង មានឧបករណ៍ទូទាត់អេឡិចត្រូនិក៕ V / N