ដោយៈ វ៉ៃកូ / ស្វាយរៀង៖ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣​ នេះ ពលរដ្ឋទីទ័លក្រ ចាស់ជរា ចំនួន ១០០ គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា ពីព្រះសង្ឃ គង់នៅវត្តបុព្វារាម ហៅវត្តព្រៃយាយ ក្រុងបាវិត និង ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់បាវិត លោកមេភូមិ ក្នុងសង្កាត់បាវិត។

បើតាមព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តវត្តបុព្វារាម ហៅវត្តព្រៃយាយ បានមានសង្ឃដិកាថា៖ ការចែកទានដល់ពលរដ្ឋ ទីទ័លក្រ ក្នុងសង្កាត់បាវិតនេះ ដោយព្រះអង្គ មានចិត្តអាណិតអាសូរ និងបានផ្តល់ទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន រួមជាមួយខាងសង្កាត់បាវិត ដើម្បីធ្វើទានជាមួយ ក្រុមគ្រួសារ ដែលទីទ័លក្រ ចាស់ជរា ជនពិការ ដែលជួបការលំបាក ក្នុងជីវភាព ប្រចាំថ្ងៃ ក៏ដូចជាចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ បានមួយកម្រិត។ ទេយ្យទាន គ្រឿងឧបភោគបរិភោគ បានមក ពេលនេះ គឺបានមកពីញាតិញោម ចូលបុណ្យ និងប្រគេនដល់ព្រះតេជគណផ្ទាល់ ព្រះអង្គធ្វើទានបន្ត។

បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិត បានឲ្យដឹងថាៈ កន្លងមក ជនទីទ័លក្រ ចាស់ជរា ខាងលើ ក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជា ក្រុងបាវិត ក៏ដូចជា អាជ្ញាធរមូលដ្ឋាន បានផ្តល់ និងចែកជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេ គឺជួយបានតែមួយគ្រាប៉ុណ្ណោះ ហើយគ្រឿងឧបភោគបរិភោគ ដែលចែកជូន នាពេលនេះមានចំនួន ១០០ គ្រួសារ ។

អំណោយដែលពលរដ្ឋទីទ័លក្រ ជនពិការភាព ចាស់ជរា ចំនួន ១០០ គ្រួសារ ទទួលបាន នាពេលនេះ ក្នុងម្នាក់ៗ ទី១.អង្កចំនួន ២៥ គីឡូ  ឃីតមួយកញ្ចប់ និងថវិកា ២ម៉ឺនរៀល។ ទី២.ប្រគល់ជួនដល់សង្កាត់បាវិត នូវអង្ករ ១តោន ត្រីខមួយកេះ មី១០កេះ ទឹកផ្លែឈើ ១០កេះ និងថវិកា ៥ សែនរៀល។ ទី៣.ប្រគល់អង្ករ ជួនរដ្ឋបាលភូមិបាវិតលើ ចំនួន ៦០០ គីឡូ មី១០កេះ ទឹកផ្លែឈើ ១០កេះ។ ទី៤.ប្រជាការពារ ចំនួន៤នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥ គីឡូ មីមួយកេះ និងថវិកាមួយចំនួន៕ V / N