ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍,ប្ល៊ុមប៊ឺក)៖ គណបក្សភឿថៃ ដែលជាបក្សប្រឆាំងធំបំផុតរបស់ថៃកាលពីពេលថ្មីៗបានកែផែនការកំណត់គោលដៅដណ្តើមអាសនៈក្នុងសភាសំរាប់ការបោះឆ្នោតសកលនៅប៉ុន្មានខែខាងមុខចំពេលការស្ទង់មតិចុងក្រោយបង្ហាញថា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន នាង ភែតងតាន ស៊ីណាវ៉ាត (Paetongtarn Shinawatra)កំពុងទទួលបានសម្លេងគាំទ្រនាំមុខដាច់គេសំរាប់មុខតំណែងនាយករដ្ឋមន្ត្រីថៃ។
គណបក្សនេះមានបំណងដណ្តើមអោយបានអាសនៈសភា៣១០ ដោយកើនពីគោលដៅកាលពីមុនចំនួន២៥០អាសនៈ និងបង្កើតរដ្ឋាភិបាលតែឯងដ៏រឹងមាំមួយ។
ទោះជាយ៉ាងណា ចំនួនអាសនៈប៉ុណ្ណេះត្រូវបានអ្នកតាមដានសភាពការណ៍នយោបាយថៃអះអាងថាជាភារកិច្ចសំរេចបានដោយលំបាកមួយ និងវាគ្រាន់តែជាតាក់ទិចក្នុងយុទ្ធនាការរកសម្លេងមួយដើម្បីកំចាត់ចេញក្រុមគាំទ្រនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា។
ក្នុងការស្ទង់មតិចុងក្រោយរបស់វិទ្យាស្ថានជាតិNIDAបានបង្ហាញថា នាងភែតងតាន អាយុ៣៦ឆ្នាំដែលអាចជាបេក្ខជននាយករដ្ឋមន្ត្រីបក្សភឿថៃមានការគាំទ្រ៣៨,២ភាគរយ ក្នុងចំណោមអ្នកឆ្លើយតប២.០០០នាក់ដោយកើនពីចំនួន៣៤ភាគរយពីការស្ទង់មតិកាលពីបីខែមុន។
គណបក្សភឿថៃកំពុងស្វះស្វែងបញ្ចប់ការគ្រប់គ្រងអំណាចគាំទ្រដោយយោធាអស់ពេលមួយទសវត្សរ៍ក្រោយរដ្ឋប្រហារយោធានៅឆ្នាំ២០១៤ ជាមួយនឹងការសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ទៅ៧០ភាគរយនិងជំរុញកំណើនសេដ្ឋកិច្ចអោយបានជាមធ្យម៥ភាគរយក្នុងមួយឆ្នាំ បើខ្លួនជាប់ឆ្នោតចូលកាន់អំណាច។
នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោកប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រ១៥,៧ភាគរយពីអ្នកឆ្លើយតប ដោយកើនតែបន្តិចពីចំនួនគាំទ្រ១៤ភាគរយក្នុងការស្ទង់មតិលើកមុន។
លោកប្រាយុទ្ធ ដែលសម្លឹងរកការកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិទីបី បាននិយាយកាលពីសប្តាហ៍មុនថា លោកត្រៀមរំលាយសភានិងថាវាចាំតែការអនុម័យពីព្រះមហាក្សត។រាជបញ្ជារំលាយសភានេះមុខជានឹងចេញនៅមុនពេលអាណត្តិបួនឆ្នាំរបស់លោកប្រាយុទ្ធ ចប់នៅថ្ងៃព្រហស្បតិ៍៕
នាង ភែតងតាន ស៊ីណាវ៉ាត កំពុងសម្លឹងទៅរកតំណែងនាយករដ្ឋមន្ត្រីថៃបន្ទាប់