ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ឧបនាយករដ្ឋមន្ដ្រី ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងទាក់ទាញការចាប់អារម្មណ៍នាពេលថ្មីៗនេះ ដោយស្លៀកពាក់ខោខូវបយ ស្បែកជើងប៉ាតា និងសម្លៀកបំពាក់ទាន់សម័យ។
កាលពីដើមខែមីនា បុរសវ័យ ៧៧ ឆ្នាំរូបនេះបានពាក់អាវក្រៅដែលមានរូបនាគពណ៌ផ្កាឈូកនិងខ្លាពណ៌ទឹកក្រូច ដែលរចនាដោយស្លាកយីហោថៃ Issue ខណៈដើរលេងតាមដងផ្លូវ។
មុននោះ គាត់ក៏បានបង្អួតនូវឈុតទាន់សម័យរបស់គាត់ផងដែរ ដោយពាក់អាវក្រៅ Gucci ពណ៌បៃតង ហើយក្នុងឱកាសមួយផ្សេងទៀតបានពាក់អាវយឺតកីឡាដៃវែងមានចំនួនកំណត់ពណ៌ទឹកក្រូចនិងពណ៌ស្វាយម៉ាក Hugo Boss។
ក្រៅពីការស្លៀកពាក់ឈុតថ្លៃៗ អតីតមេទ័ពដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាមុនៗរូបនេះ ក៏កំពុងឡង់សេខ្លួនឯងថាជាអ្នកបង្កើតសន្តិភាពនយោបាយផងដែរ។
ក្នុងការរក្សាអំណាចរបស់ខ្លួន គណបក្សផាឡាងប្រាឆារ៉ាត់ (Palang Pracharath Party ឬ PPRP) ជាបក្សកាន់អំណាច ដែលលោកដឹកនាំ ក៏កំពុងតាំងខ្លួនជាគណបក្សមួយដែលកំពុងស្វែងរកការផ្សះផ្សាជាតិផងដែរ ដោយសម្លឹងកសាងលទ្ធិប្រជាធិបតេយ្យឡើងវិញ និងបញ្ចប់នយោបាយបែកបាក់ជាច្រើនទសវត្សរ៍នៅក្នុងប្រទេសថៃ។
លោកបាននិយាយក្នុងការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងបាងកកយ៉ាងដូច្នេះថា “គណបក្ស PPRP នឹងនាំមកនូវសេចក្តីស្រឡាញ់និងឯកភាពជាតិ។ វាដល់ពេលយើងត្រូវឈប់ឈ្លោះគ្នាទៀតហើយ។ យើងជាប្រជាជនថៃ ត្រូវតែរួមដៃគ្នា ដូច្នេះទើបប្រទេសអាចឈានទៅមុខដើម្បីសុភមង្គលរបស់អ្នករាល់គ្នា”។
ក្នុងឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចបន្ទាប់ពីបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់។ ការបោះឆ្នោតសកលឆ្នាំ ២០១៩ បានឃើញការលេចឡើងនៃបក្ស PPRP ដែលបានជួយលោកប្រាយុទ្ធត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីស៊ីវិលវិញ នៅពេលដែលបក្សនេះបានតែងតាំងគាត់ឱ្យធ្វើជានាយករដ្ឋមន្ត្រី៕
ឧបនាយករដ្ឋមន្ដ្រី ប្រាវីត វង់ស៊ូវ៉ាន់ ស្លៀកពាក់ឈុតឆើតៗពីម៉ាកយីហោល្បីៗ