ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​

941
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ខេត្តសៀមរាប បាន​ចូលរួម​សហការ​ជាមួយ​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ នគរបាល​ទេសចរណ៍ និង​បងប្អូន​ប្រជា​ការពារ បានធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​ខាងលើ​និង​បក្សពួក​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អេ​ស្ប៉ា​ញ​រួចមក ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​ហ្សា​ឌឺ​ហ្គោល ស្ថិតនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា កាលពី​ថ្ងៃទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤ រសៀល នៅត្រង់ចំណុច​ផ្លូវ​ហ្សា​ឌឺ​ហ្គោល ស្ថិតនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ជនសង្ស័យ និង បក្ខពួក​របស់គេ​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ភ្ញៀវ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ ខណៈពេលដែល​ជនរងគ្រោះ កំពុង​ជិះ​លើ​រឺ​ម៉ក​កង់​បី តាមផ្លូវ​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង ដោយ​ទុក​កាបូបស្ពាយ​មួយ ពណ៌​ខៀវ នៅ​ពីមុខ​របស់​ជនរងគ្រោះ ពេលនោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។​

សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ធ្វើ​សកម្មភាព​រួច តែដោយសា​មាន​បងប្អូន​ប្រជា​ការពារ​ដែល​នៅក្បែរនោះ​ឃើញ​ទាន់​ក៏​នាំគ្នា​ធ្វើការ​ប្រដេញ ពេលនោះ​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់គេចខ្លួន​ចូលទៅក្នុង​បរិវេណ​ព្រៃអង្គរ ។​ ជនសង្ស័យ​មានឈ្មោះ ភួយ សុភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ពាក់​ព​ន្ធ័​ករណី អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ភ្ញៀវ​) ចំណែក​បក្សពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​។​ តាមចម្លើយ​សារភាព​ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​និង​បក្ខពួក​ឈ្មោះ ងោ​ល ដែល​បាន​រត់​គេចខ្លួនបាត់ ពិតជា​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​ ជនសង្ស័យ​រូបនេះ ក៏បាន​ឆ្លើយ​សារភាព​បន្តទៀតថា កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥ ព្រឹក ត្រង់ចំណុច​ផ្លូវគោក​ម៉ៃ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក រូបគេ​និង បក្សពួក ក៏បាន​ជិះ​ម៉ូតូ​ឆក់យក​កាបូប​ភ្ញៀវ​ជនជាតិ​ជប៉ុន​ចំនួន​០១​នាក់​ភេទ​ស្រី ដែល​កំពុង​ជិះ​លើ​រឺ​ម៉ក​កង់​បី​បានសម្រេច ចំនួន​០១​លើក​ផងដែរ ។​

ជនរងគ្រោះ​មានឈ្មោះ JULENAZ CONAMATARTIN ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​DAYDAY INN​។​ វត្ថុតាង​ដកហូត​បានរួម​មាន​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ​លេខ​តួ និង​លេខ​ម៉ាស៊ីន​៩៦៩០៤៥៥​។ ​ចំណែក​សម្ភារៈ​របស់​ជ​ន​រងគ្រោះ​នៅក្នុង​កាបូប​រួមមាន ​​លិខិតឆ្លងដែន​មួយ​ក្បាល​,​ម៉ាស៊ីនថតរូប​ម៉ាក​កាណុង​(EOS KISS X5)​ពណ៌​ខ្មៅ​០១​គ្រឿង ,​ម៉ាស៊ីនថតរូប​GOPRO ពណ៌​ខ្មៅ​មួយគ្រឿង​, សៀវភៅ​អេ​ឡិច​ទ្រូ​និ​ច​មួយគ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត ។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​ចំណែក​បក្សពួក​របស់​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន​បាត់​នោះ នគរបាល​យើង បានធ្វើ​ការកំណត់​អត្តសញ្ញាណ​រួចរាល់ ហើយ និង​កំពុងធ្វើការ​ស្វែងរក ដើម្បី​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម