អ្នក​ឃុំ​ដូន​កែវ​នឹង​ទទួលបាន​ស្ពានបេតុង​ថ្មី​ជា​ចំណងដៃ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​

1100
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ដែល​ត្រូវធ្វើ​ដំណើរ​កាត់​ស្ពាន​ចាស់​ទ្រុឌទ្រោម ឆ្លង​មក​ក្រុង​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ថាបនា​ស្ពានបេតុង​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ឃុំ​ដូន​កែវ​ទាំងមូល​។ ស្ពានបេតុង​ថ្មី​នេះ នឹង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូន​កែវ ទាំង​រដូវប្រាំង និង​វស្សា​។​

​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដែល​អ្នក​ឃុំ​ដូន​កែវ បាន​ប្រើប្រាស់​ស្ពានឈើ​មួយកន្លែង ដែល​ឆ្លងកាត់​អូរ​ដំរី​ស្លាប់ កាត់​តាមផ្លូវ​លើ​ខ្នង​បារាយណ៍​ខាងលិច មកកាន់​ក្រុង​សៀមរាប​។ ស្ពានឈើ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ការធ្វើដំណើរ​មិន​អំណោយផល​ទេ​ក្នុង​រដូវវស្សា ដោយសារ​ទឹក​ជន់​លិច​ខ្លាំង និង​ពេលខ្លះ​លិច​ភូមិ​ដែល​នៅជាប់​នោះ​ផង​។​

​លោក រ៉​ម វិចិត្រ បុគ្គលិក​បច្ចេកទេស​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ស្ពានបេតុង​ថ្មី​នេះ គឺ​ភ្ជាប់​ពី​ឃុំ​ដូន​កែវ ទៅ​ក្រុង​សៀមរាប​។ លោក​បន្ថែមថា ស្ពាន​ចាស់​មាន​ទំហំ​តូច ហើយ​ការធ្វើដំណើរ​ក្នុង​រដូវវស្សា​មាន​ភាពលំបាក និង​អាច​គ្រោះថ្នាក់​បើ​នៅ​បន្ដ​ប្រើប្រាស់​ជា​បន្តទៀត​។

​ក្នុងពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៣ ខែកក្កដា លោក វិចិត្រ ពន្យល់ថា ស្ពានបេតុង​ថ្មី​នេះ​គឺ​ឆ្លងកាត់​ប្រឡាយ​រំដោះ​ទឹកជំនន់​ពី​ក្រុង​អង្គរ ក្រុង​សៀមរាប ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក​។ ដោយសារ​ស្ពាន​តូច ធ្វើឱ្យ​មាត់​ប្រឡាយ​រួម​តូច ដូច្នេះ​ពេល​ភ្លៀង​ខ្លាំង​មាន​ជំនន់​ទឹកភ្លៀង តែង​ជន់​លិច​ភូមិ​ក្បែរៗ​នោះ​ជានិច្ច​។ ការស្ថាបនា​ស្ពាន​ថ្មី​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ដារ និង​ពង្រីក​មាត់​ប្រឡាយ ដើម្បី​សម្រួល​ចរន្តទឹក និង​អាច​រំដោះ​ទឹកបាន​លឿន​ជាង​ពេលមុនៗ​។​

​ស្ពានបេតុង​ថ្មី​ខាងលើ​ចាប់ផ្តើម​សាងសង់​នៅ​ចុងខែ មិថុនា ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​រយៈពេល​៣​ខែ​បន្ទាប់​។ ស្ពាន​នេះ​មាន​ប្រវែង ២៤​ម៉ែត្រ និង​ទទឹង ៣,៥​ម៉ែត្រ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម