ដោយៈ សុផល / ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្ត ធ្វើចរាចរណ៍សរុបប្រមាណ ១,៤ លានដង ក្នុងរយៈពេល ៤ខែ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) កន្លងមកនេះ។
ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេតឃើញមាន យានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវ មិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់ យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យ លក្ខណៈបច្ចេកទេសទៀងទាត់ ជាដើម។ កត្តាទាំងនេះ អាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សូមបន្តអំពាវនាវ និងក្រើនរម្លឹក ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យ បឋម មុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទៀងទាត់ តាមការកំណត់៕/V/R