ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី២០មីនាថា អ្នកម៉ៅការកំពុងត្រូវបានជួលឱ្យប្រមូលយកត្រីស្អុយរលួយរាប់លានក្បាលចេញពីទន្លេមួយក្នុងតំបន់អោតប៊ែកអូស្ដ្រាលី (Australian Outback) បន្ទាប់ពីមានការងាប់ត្រីមិនធ្លាប់មានពីមុនមក ក្រោយទឹកជំនន់និងអាកាសធាតុក្តៅ។
ត្រីបានចាប់ផ្តើមងាប់នៅក្នុងទន្លេដាលីង (Darling) ក្បែរទីក្រុងមេនីនឌី (Menindee) រដ្ឋញូវសោតវេល (New South Wales) កាលពីថ្ងៃសុក្រ។ ក្រុមមន្ត្រីបាននិយាយថា ការងាប់នេះទំនងជាកើតឡើងដោយសារតែត្រីត្រូវការអុកស៊ីសែនបន្ថែមទៀតនៅក្នុងអាកាសធាតុក្តៅ ប៉ុន្តែកម្រិតអុកស៊ីសែននៅក្នុងទឹកបានធ្លាក់ចុះបន្ទាប់ពីទឹកជំនន់ថ្មីៗនេះបានស្រកចុះ។
ជំនួយការស្នងការប៉ូលិសលោក ប្រេត ហ្គ្រីនទ្រី (Brett Greentree) បាននិយាយថា ការរក្សាការផ្គត់ផ្គង់ទឹកក្នុងទីក្រុងឱ្យមានភាពបរិសុទ្ធគឺជាអាទិភាពចម្បង ហើយការយកចេញនូវត្រីងាប់គឺជាបញ្ហាបន្ទាន់បំផុត។ អ្នកម៉ៅការដែលបានទទួលការបណ្តុះបណ្តាលត្រូវបានទាក់ទងអំពីការយកត្រីចេញជាមួយនឹងសំណាញ់ ប៉ុន្តែកាលបរិច្ឆេទសម្រាប់ការងារនេះមិនទាន់បានកំណត់ទេ។
លោកហ្គ្រីនទ្រីបាននិយាយថា “ខ្ញុំពិតជាមិនហ៊ានសន្យាថាត្រីរាប់លានក្បាលនឹងត្រូវយកចេញអស់ដោយអ្នកម៉ៅការទេ ព្រោះវាពិតជាសុបិនអាក្រក់ណាស់សម្រាប់ផ្នែកភស្តុភារ”។
លោកបានបន្ថែមថា “ខ្ញុំយល់និងទទួលស្គាល់ក្លិននិងទិដ្ឋភាពនៅតាមដងទន្លេ គ្មានអ្នកណាចង់ឃើញបែបនោះទេ”។
លោកហ្គ្រីនទ្រីបាននិយាយថា អាជ្ញាធរកំពុងផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋដែលពឹងផ្អែកលើទឹកទន្លេ ដែលកំពុងត្រូវបានត្រួតពិនិត្យគុណភាពជាបន្តបន្ទាប់៕
ត្រីងាប់រាប់លានក្បាលអណ្តែងពេញទន្លេដាលីង