ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ស្រលាប​

(—​ល៉ា​ប​)

​កិរិយាសព្ទ​

​លាបទឹក​សុទ្ធ ឬ​ទឹក​ថ្នាំ​រម្ងាប់រោគ​ឲ្យ​ជោក​សព្វ​
​ស្រលាប​ទឹក​ឲ្យ​ត្រជាក់​ខ្លួន​, ​ស្រលាប​ទឹក​ថ្នាំ​រម្ងាប់​គ្រុនក្ដៅ ។​

​ស្រឡាប​

​គុណសព្ទ​

​ដែលមាន​មាឌ​ទាប​ស្រអឹប​ទៅជិត​ទឹក​
​ទូក​ស្រឡាប ឬ ទូក​រាង​ស្រឡាប ។​
( ម​. ព​. ស្រលាប ) ។​

ហានភាគី​

(—​នៈ​—)

​គុណសព្ទ​

(​បា​.) ដែលមាន​ចំណែក​ខាង​វិនាស​; អ្នក​ដែលមាន​ចំណែក​ទៅខាង​តែ​វិនាស​, អ្នក​ដែល​ចេះតែ​វិនាស​
​មនុស្ស​ប្រព្រឹត្ត​អំពើ​វៀច ជា​ហានភាគី​; បើ​ស្ត្រី​ជា ហានភាគិនី ។ ព​. ផ្ទ​. វឌ្ឍន​ភាគី​, —​គិ​នី ។​

នាមសព្ទ​

(​បា​.) ដែលមាន​ចំណែក​ខាង​វិនាស​; អ្នក​ដែលមាន​ចំណែក​ទៅខាង​តែ​វិនាស​, អ្នក​ដែល​ចេះតែ​វិនាស​
​មនុស្ស​ប្រព្រឹត្ត​អំពើ​វៀច ជា​ហានភាគី​; បើ​ស្ត្រី​ជា ហានភាគិនី ។ ព​. ផ្ទ​. វឌ្ឍន​ភាគី​, —​គិ​នី ។​

​អកុសល​

(​អៈ​កុ​-​សល់​)

​នាមសព្ទ​

(​បា​.; សំ​. អ​កុ​ឝ​ល​) សេចក្ដី​អាក្រក់​, បាប​, អពមង្គល : អកុសល​តាម​មក​ផ្ដល់ គឺ​បាប​តាម​មក​ផ្ដល់​, បាប​ចេញមុខ​ឲ្យ​ផល ។ គុ​. អាក្រក់​, ដែលជា​បាប​; ដែល​មិន​ឈ្លាស : អំពើ​អកុសល ។ (​ព​. កា​.) : រី​អកុសល ជា​កម្ម​តែង​ផ្ដល់ ក្ដី​ទុក្ខលំបាក ឲ្យ​ដល់​អ្នកធ្វើ មិន​ឈប់​មិន​ស្រាក កម្មនេះ​ស្រកាក គួរ​ជន​ផង​ខ្លាច ។ ផ្ទុយ​ពី​កុសល ដែល​តែងតែ​ផ្ដល់ ក្ដី​សុខ​មិន​កាច កម្មនេះ​ល្អ​លន់ ជា​បុណ្យ​អង់អាច បានជា​អ្នកប្រាជ្ញ ពេញចិត្ត​ចង់​ធ្វើ ។ ជន​ជឿ​ផលកម្ម មាន​ស្មារតី​ចាំ ប្រព្រឹត្ត​អំពើ កុសល​កល្យាណ ក្សេមក្សាន្ត​ឥតបើ មាន​មោះហ្មង​លើ មនោទ្វារ​ឡើយ ។ ព​. ផ្ទ​. កុសល ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អៈ​កុសៈ​ល៉ៈ​, ដូចជា អកុសលកម្ម កម្ម​អាក្រក់ ។ អកុសលកម្មបថ (—​ក័​ម​-​ម៉ៈប​ត់​) គន្លង​នៃ​អំពើអាក្រក់ (​ផ្លូវបាប​, ផ្លូវ​ទុច្ចរិត មាន ១០ យ៉ាង​គឺ កាយទុច្ចរិត ៣, វចីទុច្ចរិត ៤, មនោ​ទុច្ចរិត ៣) ។ អកុសលកិរិយា កិរិយា​អាក្រក់ ។ អកុសលចរិយា ចរិយា​អាក្រក់ ។ អកុសលចិត្ត ចិត្តជា​អកុសល​, ចិត្ត​បាប ។ អកុសលចេតនា (—​តៈ​ន៉ា​) ការតាំង​ចិត្តជា​បាប​, គំនិត​បាប​; គំនិតអាក្រក់ ។ អកុសលចេតសិក (—​តៈ​សិ​ក​) ចេតសិក​ជា​អកុសល គឺ​អារម្មណ៍​ដែល​កើត​រលត់​ព្រម​ជាមួយនឹង​ចិត្តជា​អកុសល (​ក្នុង​ព្រះ​អភិធម្ម​ថា​មាន ១៤ យ៉ាង​) ។ អកុសលធម៌ ធម៌​ជា​អកុសល ។ អកុសលធាតុ (—​ធា​ត​) ធាតុ​ជា​អកុសល គឺ​នុយ​បាប​ឬ​ចំណី​បាប ។ អកុសលមូល ឫសគល់​ឬ​ទីតាំង​នៃ​អកុសល (​មាន ៣ យ៉ាង​គឺ លោភៈ​, ទោសៈ​, មោហៈ​) ។ អកុសលលាភ ការ​បាន​បាប ។ អកុសលវិតក្ក ការ​ត្រិះរិះ​ទៅរក​អំពើអាក្រក់​, តម្រិះ​អាក្រក់ ។ អកុសលវិបាក ស្នាមគំនូស​ចិត្តជា​អកុសល​, គំនូស​បាប​; ផល​បាប ។ ល ។​

​យក​

​កិរិយាសព្ទ​

​កាន់​; នាំ​, នាំ​ទៅមក​; ទទួល​, ព្រម​ទទួល​; ត្រូវការ​; ជឿ​តាម​; ប្រកាន់​; ប្រកាន់​តាម ។ ល​។ : យកប្រាក់​ទៅ​ទិញស្រូវ​; យក​កូន​ទៅជា​មួយ​ផង​; យកពាក្យ​គេ​; យក​គ្រូ​មក​មើលជំងឺ ។ ល ។ យកការប្រាក់ ទទួល​ចំណេញ​លើសពី​ចំនួន​ប្រាក់​ដើម ដែល​ចងការ​ឲ្យ​គេ ។ យកកំណើត ចាប់កំណើត ។ យកក្ដី ( ព​. បុ​. ) ប្រកាន់ទោស​, ចាប់​ដំណើរ ។ យកខុស ចាប់​ខុស​, ចាប់​ប្រកាន់​ថា​ខុស ។ យក​ខ្លួន​ពុំរួច ដោះខ្លួន​ពុំរួច ( ពី​ទុក្ខទោស ) ។ យកគាប់គួរ ផ្គាប់ផ្គុន​ឲ្យ​មាន​សេចក្តី​គាប់គួរ ។ យកគុណ ឬ យកគុណ​យក​ស្រ័យ ទទួល​បំណាច់​គុណ​, ទារ​គុណ​, តវ៉ា​ថា​ខ្លួន​មានគុណ​លើ​គេ ។ យកគំនិត ជឿ​តាម​គំនិត : យកគំនិត​គេ ។ យកចិត្ត ឬ យកចិត្តយកថ្លើម អនុលោម​តាម​ឲ្យ​ត្រូវចិត្ត​គេ​, ផ្គាប់​តម្រូវ​តាមចិត្ត​គេ ។ យកចិត្តទុកដាក់ ធ្វើ​សេចក្តី​អើពើ​ពុំ​ប្រហែសធ្វេស ។ យកចំណេញ លៃលក​ឬ​គិត​គៃ​ឲ្យ​មាន​ចំណេញ​។ យកចំណេះ រៀន​ឲ្យ​បាន​ចេះ ។ យកជ័យ ធ្វើ​ឲ្យ​មានជ័យ​, ដណ្តើម​ឲ្យ​មានជ័យ ។ យកជាកូន ទទួល​ប្តេជ្ញា​ឬ​ព្រម​ទទួល​អ្នក​ដែល​មិនមែន​កូន​ថា​ជា​កូន ។ យកជាគ្នា ទទួល​រាប់រក​ឲ្យ​បានជា​គ្នា​;…​។ យកជាតិ ចាប់ជាតិ​, ចាប់កំណើត ។ យកជើងកប តែងតែ​ធ្វើ​ឲ្យ​មាន​សេចក្តី​អន្តរាយ​រៀងរាល់ឆ្នាំ : កំពង់​យកជើងកប កំពង់​ដែល​តែងតែមាន​មនុស្ស​ស្លាប់​ដោយ​លង់ទឹក​ឬ​ដោយ​ក្រពើ​ខាំ​ជាដើម ( ម​. ព​. ជើងកប​ផង ) ។ យកជើងរាទឹក ដាក់​ជើង​ទៅក្នុង​ទឹក​រា​មិន​ឲ្យ​ទូក​លឿន​ទៅមុខ ។ ព​. ប្រ​. ជំទាស់​ដំណើរ​មិន​ឲ្យ​ប្រព្រឹត្តទៅបាន ។ ព​. ទ​. បុ​. បើ​មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យកជើងរាទឹក បើ​មិន​ជួយ​ប្រឹងប្រែង​ខ្នះខ្នែង​ទេ កុំ​ជំទាស់​ឲ្យ​ខូចការ ។ យកឈ្នួល ទទួល​ឈ្នួល ។ យកឈ្នះ ធ្វើ​ឲ្យ​បានឈ្នះ​, ខំប្រឹង​ឲ្យ​មាន​ជម្នះ ។ យកឈ្មោះ ឬ យកកេរ្តិ៍ឈ្មោះ ធ្វើ​ឲ្យ​មានឈ្មោះ​ល្អ ចំពោះ​មកលើ​ខ្លួន : ធ្វើការ​យកឈ្មោះ ។ យកដៃ ជួយ​ធ្វើការ​ឲ្យ​គេ​ដើម្បី​ឲ្យ​គេ​ជួយ​ធ្វើការ​ខ្លួន​វិញ​តាម​កំណត់​វេលា ដែល​ហៅថា សងដៃ (​អ្នកស្រុក​ខ្លះ​ហៅថា យក​វេរ​; សង​វេរ​)​។ យកដំបូន្មាន ទទួល​ធ្វើតាម​ពាក្យ​ដំបូន្មាន​។ យកតម្រាប់ ធ្វើតាម​តម្រាប់​។ យកទោស ប្រកាន់ទោស​, ប្រកាន់​ថា​មានទោស ។ យកទោសយកពៃរ៍ ប្រកាន់​ទោសកំហុស​ព្រមទាំង​ចងពៀរ​ផង ( ម​. ព​. ពៃរ៍ ផង ) ។ យកទ្រព្យគេ ខ្ចី​ទ្រព្យ​គេ​មក ឬ​លួច​ទ្រព្យ​គេ ។ យកបុណ្យ ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ដោយ​ជឿជាក់ថា​បាន​បុណ្យ ។ យកបែប ធ្វើ​តាមបែប​, ចម្លង​បែប ។ យកប្តី ព្រម​មាន​ប្តី​។ យកប្រពន្ធ ព្រម​មាន​ប្រពន្ធ ។​យកពន្ធ ហូតពន្ធ​, ទារពន្ធ ។ យកពាក្យ ជឿ​តាម​ពាក្យ ។ យក​មាត់​យកពាក្យ ទទួលព្រម​ឬ​ជឿ​តាម​ពាក្យ​ដែល​គេ​ថា ។ យកមុខ ឬ យកមុខយកមាត់ វាតអាទិ៍​ឬ​ជែក​ជែង​ធ្វើ​ឲ្យ​មានមុខ​មានឈ្មោះ​ចំពោះ​មកលើ​ខ្លួន​, ធ្វើ​ឲ្យ​គេ​សរសើរ​ខ្លួន​ម្នាក់ឯង ។ យកមែន យកជាមែន​, ប្រាកដជា​យក​; រាប់​ថា​ជា​មែន​, សំដៅ​តែ​ត្រង់​មែន​។ យកសុខ ឲ្យ​បាន​សុខ : ខំអត់​យកសុខ​, ស្ងៀម​យកសុខ​, កាន់សីល​យកសុខ ។ យកសម្តី កាន់​ឬ​ជឿ​តាម​សម្តី ។ ព​. ទ​. បុ​. មនុស្ស​យកសម្តី ដំរី​យក​ភ្លុក មនុស្ស​យកសម្ដី​ជាការ​ប្រាកដ​, ឯ​ដំរី​យក​ត្រង់​ភ្លុក ។ យកអង្វរ ទទួលព្រម​តាម​ពាក្យ​អង្វរ ។ យកអាយុ ជួយសង្គ្រោះ​ឲ្យ​មាន​អាយុជីវិត គឺ​ជួយ​ឲ្យ​រួច​ពី​សេចក្ដីស្លាប់ ។ យកអាសា ជួយ​ឈឺឆ្អាល​តាម​បំណង​គេ​, ជួយ​រ៉ាប់រង ភារៈ​តាម​បំណង​គេ​ដោយ​ពេញកម្លាំង ។ ល ។ ( ម​. ព​. អាសា ទៀតផង ) ។​