ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បង្រៀន​

​កិរិយាសព្ទ​

​ញ៉ាំង​អ្នកដទៃ​ឲ្យ​រៀន​, ប្រៀន​ឲ្យ​ចេះ​, ឲ្យ​ចំណេះ​ដោយ​ការបង្ហាត់​, បង្ហាញ​ឲ្យ​ចេះ​
​បង្រៀនអក្សរ​, បង្រៀនលេខ​, បង្រៀនច្បាប់​** ។​
**​ពាក្យ “​ច្បាប់​” ត្រូវបាន​កែតម្រូវ​ពី​ពាក្យ​ដើម “​ច្បាប​” ដោយហេតុថា​ពុំមាន​ពាក្យ “​ច្បាប​” ទេ អនុលោម​តាម​វចនានុក្រម​ខ្មែរ សម្ដេច ជួន ណាត​។​

ផាប៉ា​

​នាមសព្ទ​

(​ស​. ផា “​សំពត់​” + ប៉ា “​ព្រៃ​”)
​សំពត់​ដែល​ទាយក​យកទៅ​ពាក់​នៅ​ព្រៃ ដោយមាន​សំបុត្រ​ប្រាប់​សេចក្តី​បិទ​នៅ​នោះ ឬ​ដោយមាន​សញ្ញា​ណាមួយ ឲ្យ​ភិក្ខុសង្ឃ​ដឹងថា សំពត់​នោះ​ទុកដូចជា​សំពត់​បង្សុកូល​ឲ្យ​ភិក្ខុ​អង្គណា​ដែល​ប្រទះឃើញ និមន្ត​ទស់​យក​ចុះ (​របៀប​ដើម​គេ​ចំពោះ​សង្ឃ​ជា​សង្ឃគ​តា​ទក្ខិណាទាន ពុំមែន​បាដិបុគ្គលិកទាន​ទេ​, លុះ​ចំណេរ​កា​លតៗ​មក ក៏​ក្លាយជា​បាដិបុគ្គលិកទាន​ទៅ​ខ្លះ ព្រោះ​មកពី​ទាយក ភ័ន្តច្រឡំ​) ។​

​ពន្ធ​

(​ពន់​)

​នាមសព្ទ​

(​សំ​. បា​. ពន្ធ ជា កិ​. ” ចង​, ជាប់​, ជំពាក់ ” ; ពន្ធ​, ពន្ធន៍ ជា ន​. ” ចំណង​, អន្ទាក់​, គ្រឿង ជាប់​, ជំពាក់ ” ) សួយ​, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់​
​ពន្ធស្រូវ​, ពន្ធទូក​, ពន្ធទាស​, ពន្ធខ្លួន . . . ; ទារពន្ធ​, បង់ពន្ធ ។​
​ពន្ធដារ ពន្ធ​គ្រប់មុខ : ការបង់​ពន្ធដារ​សម្រាប់​ផែនដី ហៅថា រាជពលី ។ ពន្ធចំពោះ​ពន្ធ​ដីស្រែ​ចម្ការ​ជាដើម ដែល​សាមីខ្លួន​ជា​ម្ចាស់​របស់​ត្រូវ​បង់​ជូន​រាជការ តាម​ចំនួន​ដែលមាន​កម្រិត​ទុកជា​ស្រេច​ក្នុង​បញ្ជី ។ ពន្ធមិនចំពោះ ពន្ធ​នៃ​គ្រឿង​បរិភោគ​និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ដូចជា​ពន្ធគយ​និង​រដ្ឋាករ​ជាដើម ដែល​ជននី​មួយៗ​ត្រូវ​បង់​ជូន​រាជការ ដោយសារ​ខ្លួន​ត្រូវការ​បរិភោគ​ឬ​ប្រើប្រាស់​នូវ​វត្ថុ​ទាំងនោះ ។​

​ស្រអាប់​

​គុណសព្ទ​

​ដែល​អាប់អន់ មិន​ស្រស់​, ​មិន​ថ្លា​; តិច​ពន្លឺ​, ​តិច​រស្មី​
​សម្បុរ​ស្រអាប់ (​សរសេរ​ជា ស្រអ័ព្ទ ក៏បាន “​ដែល​មិន​ច្បាស់ ព្រោះ​មាន​អ័ព្ទ​” : មេឃ​ស្រអ័ព្ទ​; ប៉ុន្តែ​ច្រើន​ប្រើ ស្រអាប់ មក​យូរហើយ ។ ម​. ​ព​. ​អ័ព្ទ ផង​) ។​

​រដ្ឋ​

(​រ័​ត​, បើ​ប្រើ​ជា​បទ​សមាស​រៀង​ជា​ខាងដើម​សព្ទ​ឯទៀត អ​. ថ​. រ័​ត​-​ឋៈ​)

នាមសព្ទ​

(​បា​. សំ​. រា​ឞ្ត្រ​) ដែន​, ប្រទេស​; អ្នក​នៅក្នុង​ដែន​, រាស្ត្រ​, ប្រជាជន ។ រដ្ឋកម្ម​, រដ្ឋការ​, រដ្ឋកិច្ច ឬ រដ្ឋក្រឹត្យ ការ​ឬ​កិច្ច​សម្រាប់​ដែន​ឬ​សម្រាប់​ប្រទេស​, កិច្ចការ​របស់​រាស្ត្រ ។ រដ្ឋធម្មនុញ្ញ ឬ រដ្ឋធម្មនូញ្ញ ច្បាប់​បញ្ញត្ត​សម្រាប់​ប្រទេស​នីមួយៗ​, ច្បាប់​ទុកជា​គោល​ចារឹក​ក្នុងការ​គ្រប់គ្រង​រដ្ឋ​នីមួយៗ​ដែល​សភា​បាន​បញ្ញត្ត​តែងតាំងឡើង ។ រដ្ឋធានី ទីក្រុង​ធំ​របស់​ប្រទេស​នីមួយៗ ជាទី​តាំង​នៃ​រដ្ឋាភិបាល​ឬ​ជាទី​នៅ​នៃ​ប្រមុខ​របស់​ប្រទេស ។ រដ្ឋនាយក ឬ រដ្ឋាធិបតី​, រដ្ឋាភិបាល អ្នកត្រួតត្រា​ដែន​, អ្នកគ្រប់គ្រង​រក្សា​ប្រទេស ( តំណាង​ក្សត្រិយ៍​ទ្រង់​រាជ្យ ); ព្រះរាជា ។ រដ្ឋបាល អ្នករក្សា​ដែន​ឬ​ប្រទេស​; ក្រសួង​រាជការ​កាន់កាប់​កិច្ចការ​ក្នុងប្រទេស ជា​គូ​គ្នា​នឹង​តុលាការ : មន្ត្រី​ខាង​រដ្ឋបាល​, ក្របខ័ណ្ឌ​ខាង​រដ្ឋបាល ។ រដ្ឋបាលន៍ ការរក្សា​ដែន​ឬ​ប្រទេស ។ រដ្ឋបុរស បុរស​អ្នក​ទំនុកបម្រុង​ប្រទេស​, បុរស​អ្នក​មានចំណេះ​ចេះ​រក្សា​ប្រទេស ។ រដ្ឋប្បវេណី ( រ័​ត​-​ឋ័​ប​-​ប៉ៈ​វេ​នី ) បវេណី​សម្រាប់​ដែន​; ឈ្មោះ​ច្បាប់​បញ្ញត្ត​អំពី​ដំណើរ​កិច្ចការ​និង​សណ្ដាប់ធ្នាប់​របៀបរបប​ផ្សេងៗ តាម​បវេណី​របស់​ប្រជាជន​ក្នុងប្រទេស​ដែល នៅក្នុង​ឱវាទ​នៃ​រាជ​បញ្ញត្តិ ។ រដ្ឋប្រសាន្តិភាព ឬ រដ្ឋសន្តិភាព ការ​ស្ងប់​ដែលមាន​ក្នុង​ដែន​, សេចក្ដីសុខសាន្ត​របស់​ប្រជាជន ។ រដ្ឋប្រសាសន៍ ការ​ប្រិតប្រៀន​ប្រជាជន​ឲ្យ​ស្ថិតនៅក្នុង​អំណាចច្បាប់​, ការគ្រប់គ្រង​ប្រទេស ។ រដ្ឋប្រសាសនន័យ ឬ រដ្ឋប្រសាសនោបាយ ការដឹកនាំ​ឬ​ឧបាយ​ណែនាំ​ឲ្យ​ប្រជាជន​ស្ថិតនៅក្នុង​អំណាចច្បាប់​; វិជ្ជា​ឬ​បែបបទ​ជា​គោល​ចារឹក​សម្រាប់​គ្រប់គ្រង​ប្រទេស ។ រដ្ឋប្រហារ ការ​ចាប់ចង​រំលំ​អ្នកគ្រប់គ្រង​រដ្ឋ​ដែល​ខ្លួន​មិន​ពេញចិត្ត ដើម្បី​កាន់កាប់​អំណាច​ខ្លួនឯង​, អំពើ​របស់​អ្នកកាន់កាប់​អំណាច ដែល​ទម្លាយ​បង់​ចោល​នូវ​របប​គ្រប់គ្រង​រដ្ឋ ដើម្បី​ឡើងកាន់​កាប់​អំណាច​ខ្លួនឯង​វិញ ដោយ​ខ្លួន​មិន​ពេញចិត្ត​ចំពោះ​របៀប​គ្រប់គ្រង​ពីមុន : ធ្វើ​រដ្ឋប្រហារ ។ រដ្ឋមណ្ឌល មណ្ឌល​របស់​ដែន​, ប្រទេស​ទាំងមូល ។ រដ្ឋមន្ត្រី មន្ត្រី​អ្នក​ទំនុកបម្រុង​ស្រុកទេស​, មន្ត្រី​ដែល​នាយក​អ្នកកាន់អំណាច​នីតិប្រតិបត្តិ បានជ្រើសរើស​ឡើង​ដើម្បី​ត្រួតត្រា​មុខតំណែង​រាជការ​ធំៗ របស់​រដ្ឋ : រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​, រដ្ឋមន្ត្រីក្រសួង​ធម្មការ​; ការប្រឹក្សា​អំពី​ការរក្សា​ឬ​ទំនុកបម្រុង​ប្រទេស ។ រដ្ឋលេខាធិការ លេខាធិការ​របស់​រដ្ឋ​គឺ​មន្ត្រីជាន់ខ្ពស់​ដែលមាន​មុខតំណែង​ជា​រដ្ឋមន្ត្រី ។ រដ្ឋលេខាធិការដ្ឋាន ទីស្ដីការ​នៃ​រដ្ឋលេខាធិការ ។ រដ្ឋវាសី អ្នក​នៅក្នុង​រដ្ឋ​, អ្នក​អាស្រ័យ​នៅក្នុង​ដែន ( ឥត្ថី​. រដ្ឋវាសិនី ) ។ រដ្ឋសភា ទីប្រជុំ​ប្រឹក្សា​ការ​សម្រាប់​ប្រទេស​; សាលា​សម្រាប់​ប្រជុំ​ប្រឹក្សា​ការ​ទំនុកបម្រុង​ឬ​គ្រប់គ្រង​រក្សា​ស្រុកទេស ។ រដ្ឋសភា​ធីប​តី ឬ រដ្ឋសភានាយក អធិបតី​នាយក​នៃ​រដ្ឋសភា ។ រដ្ឋសីមា ព្រំប្រទល់​របស់​រដ្ឋ គឺ​ទី​ខណ្ឌ​នៃ​ដែនដី​របស់​រដ្ឋ​ដែល​នៅ​ជិត​ជាប់​គ្នា ។ រដ្ឋាករ អាករ​របស់​រដ្ឋ​; កន្លែង​រាជការ​ទទួលបន្ទុក​ខាង​ហូត​ពន្ធដារ​ផ្សេងៗ ។​ល​។ ប្រើ​ជា​បទ​សមាស​រៀង​ខាងចុង​សព្ទ​ដទៃ​ក៏បាន​, ដូចជា : កម្ពុជរដ្ឋ ( —​រ័​ត ) ដែនកម្ពុជា​, ប្រទេស​ខ្មែរ ។ ចុ​ល្ល​រដ្ឋ ( ចុ​ល​-​ល៉ៈ​រ័​ត ) ដែន​ឬ​ប្រទេស​តូច ។ មហារដ្ឋ ដែន​ឬ​ប្រទេស​ធំ ។ សាន្តិ​រដ្ឋ ដែន​ឬ​ប្រទេស​ដែលមាន​សេចក្ដីសុខសាន្ត ។ ល ។​