ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កូវកែ
នាមសព្ទ
ដូងមួយប្រភេទ ដើមតូចៗ ទាបៗ ផ្លែតូចៗ មានទឹកផ្អែម មានដើមកំណើតមកពីប្រទេសម៉ាល៉ាយ៉ា គេយកពូជមកដាំនៅស្រុក កូវកែ ដែលខ្មែរហៅថា ស្រុកកំពង់ស្ពាន ខែត្រព្រែកឫស្សី ( កម្ពុជាក្រោម ) លុះចំណេរកាលតៗមកពូជដូងនេះ ក៏ចូលមកដល់ប្រទេសកម្ពុជា អ្នកស្រុកហៅ ក្លាយពីពាក្យដើមទៅជា ដូងកល់កែ, អ្នកខ្លះថា ដូងគល់កែ ហៅក្លាយមកទៀតថា ដូងតាកែ ។
ជញ្ជ្រាំង
(ជញ់-ជ្រាំង)
នាមសព្ទ
គល់ស្រូវទុំដែលគេច្រូតទុកឲ្យសល់
ជញ្ជ្រាំងស្រូវជាចំណីនៃគោក្របី ។
តិលក
(តិល៉ៈកៈ ឬ តិល៉ក់)
នាមសព្ទ
(សំ. បា.) ដើមល្ង; ចំណុចខ្មៅៗ ដែលមានតាមរាងកាយ (អាចម៍រុយ); ការប្រោះព្រំ, ក្បិតចិញ្ចើមដោយម្សៅក្រអូបជាមង្គល (ចឹម) … ។
គុណសព្ទ
ដែលជាឆ្នើម, ខ្ពង់ខ្ពស់, ប្រសើរ, លើសលែង
តិលកលោកា . . . ដែលជាឆ្នើមក្នុងលោក . . . ។
ទន្លាប់
នាមសព្ទ
ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រយឹង ដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណី ប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ ទាំងផ្លែក៏តូចៗ ផងទៀត ។
គុណ
(គុន)
គុណសព្ទ
(សំ. បា.) ដំណើរធ្វើឲ្យចម្រើនកើនឡើង
គុណ ១០ ជា ២០; លេខគុណ ។
នាមសព្ទ
(សំ. បា.) ដំណើរធ្វើឲ្យចម្រើនកើនឡើង
គុណ ១០ ជា ២០; លេខគុណ ។
នាមសព្ទ
(សំ. បា.) សេចក្ដីចម្រើន; ថ្នាក់, ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ…។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន គួរគោរព តបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់: គុណព្រះពុទ្ធ–ព្រះធម៌–ព្រះសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គុណ : ដូចជា គុណកថា (—កៈថា ) ការថ្លែង, និយាយ, ចរចាអំពីគុណ : គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។ គុណកម្ម (—ក័ម) អំពើគឺគុណ, អំពើជាគុណជាប្រយោជន៍ ។ គុណជាត ឬ គុណជាតិ (—ជាត) (ប្រើតាម នប៉ុំ.ឥត្ថី.) គុណគ្រប់យ៉ាង : គុណជាតិ ៣ យ៉ាងគឺ សីល, សមាធិ, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះជាដំណើរ, ជាលំអានគួរបុគ្គលសិក្សាហាត់រៀនបំពេញឲ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ; សីលជាគុណជាតញ៉ាំងកាយវាចាឲ្យបរិសុទ្ធ, សមាធិ ជាគុណភាពញ៉ាំងចិត្តឲ្យស្ងប់, បញ្ញា ជាគុណជាតិនាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការណ៍ពិត ។ គុណធម៌ (—ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ, សេចក្ដីអាណិត, ប្រណី. . . ។ គុណនាម (—នាម) នាមសព្ទដែលប្រាប់ដំណើរនាមនាម ឲ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។ គុណបទ (—បត់) បទដែលជាវិសេសនៈរបស់នាមនាម ដូចពាក្យថា ផ្ទះខ្ពស់, ផ្ទះទាប, ផ្ទះចាស់, ផ្ទះថ្មី, ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជាគុណបទរបស់ ផ្ទះ ។ គុណភាព (—ភាប) ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្តិសិទ្ធិ : ឱសថនេះមានគុណភាពវិសេសណាស់ ។ គុណវិបត្តិ (—វិបាត់) វិបត្តិនៃគុណ, ការប្រាសចាកគុណ, ការខ្វះសេចក្ដីល្អ, ការគ្មានផលប្រយោជន៍ : មនុស្សម្នាក់ៗតែងមានគុណសម្បត្តិខ្លះ, គុណវិបត្តិខ្លះ ។ គុណវិសេស (—វិសេសៈ ឬ —វិសែស) ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង។ សេចក្ដីល្អផ្សេងៗ ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យស្ងើច : អួតគុណវិសេសដែលពុំមានក្នុងខ្លួន ។ គុណវុឌ្ឍិ (—វុត-ឍិ) សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ, ដោយសេចក្ដីរុងរឿង, ដោយសេចក្ដីបរិសុទ្ធិ ។ គុណសព្ទ (—ស័ប) សំដីដែលប្រាប់ដំណើរនាមនាមឲ្យឃើញលក្ខណៈផ្សេងៗគ្នា (ម. ព. គុណនាម ផង ) ។ គុណសម្បត្តិ (—ស័ម-ប័ត) សេចក្ដីដល់ព្រមដោយគុណ គឺ ការបរិបូណ៌ ដោយសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ; មនុស្សនេះ មានគុណសម្បត្តិគួរឲ្យសរសើរ ។ គុណសម្បទា (—ស័ម-ប៉ៈទា) ដូចគ្នានឹង គុណសម្បត្តិ ដែរ ។ គុណាករ (—កៈរ៉ៈ ឬ —ក) ( គុណ + អាករ ) អណ្ដូង, កំណប់ នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ ។ គុណានិសង្ស (—និសង់) (គុណ + អានិសំស) ដំណើរបង្ហូរផលផ្ដល់ឲ្យបានសម្រេចប្រយោជន៍ដោយសារគុណ, ផលនៃសេចក្ដីល្អ, ផលដែលឲ្យតាមដំណើរសេចក្ដីបរិសុទ្ធិ ។ គុណានុភាព (—ភាប) (គុណ + អានុភាវ) អានុភាពនៃគុណ គឺអំណាច, តេជះ, ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ ។ គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឲ្យល្អ, ឲ្យដុះដាលចម្រើន; ហៅថា ឧបការគុណ វិញក៏បាន ។ល។