ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
វប្ប
(វ័ប-ប៉ៈ)
នាមសព្ទ
(បា. ឬ សំ.) ការសាប, ព្រោះ, សាបព្រោះ, បណ្ដុះពូជ; ច្រាំង, ត្រើយ ។ ល ។ ប្រើផ្សំនឹងសព្ទដទៃ
វប្បកម្ម ឬ វប្បកិច្ច, វប្រក្រឹត្យ ការឬរបរសាបព្រោះ ។ វប្បករ, វប្បការ ឬ –ការី អ្នកធ្វើការសាបព្រោះ (បើស្ត្រីជា វប្បការិកា ឬ –ការិនី) ។ វប្បកាល ឬ –សម័យ កាលឬសម័យដែលត្រូវសាបព្រោះ ។ វប្បក្ខេត្ត ឬ វប្រក្សេត្រ (―ខែត ឬ ―ក្សែត) ថ្នាល; ស្រែពង្រោះ ។ វប្បដ្ឋាន ឬ វប្រស្ថាន ទីសម្រាប់សាបព្រោះ ( ដូចគ្នានឹង វប្បក្ខេត្ត ដែរ ) ។ វប្បធម៌ ( វ៉ាប់-ប៉ៈ– ) ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម ។ វប្បមង្គល ឬ វប្រ– មង្គលសាបព្រោះ; មង្គលច្រត់ព្រះនង្គ័ល ។ វប្បរដូវ ឬ វប្រ–រដូវសាបព្រោះ ។ ល ។ ( ព. កា. ) : ហៃមាសកូនឪ វប្បរដូវ ចូលដល់មកហើយ ចូរខំខ្នះខ្នែង កុំធ្វើកន្តើយ រដូវហ្នឹងហើយ បង្កើតធនធាន ។ . . .
សកវាទ៍
(សៈកៈវ៉ា)
នាមសព្ទ
(បា. សកវាទ “វាទៈ របស់ខ្លួន, ពំនោលខាងខ្លួន”; សំ. ស្វក + វាទ) សម្ដីខាងចំណែកខ្លួន (ម. ព. សកវាទី ផង) ។ ខ្មែរប្រើពាក្យ សកវាទ៍ នេះជាឈ្មោះបទចម្រៀងឆ្លើយឆ្លងមានចេញពាក្យផ្ដើមថា សៈ កៈ វ៉ា ជាដរាប, សម្រាប់ច្រៀងក្នុងព្រះរាជពិធីចុះផែនៅថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោច ខែកត្ដិក ក្នុងវេលាយប់
ច្រៀងសកវាទ៍, បទសកវាទ៍ (សរសេរជា សកវាទិ៍ ក៏បាន, អ. ថ. សៈកៈវ៉ា ដែរ) ។
ហារ
នាមសព្ទ
(សំ. បា.) ការនាំយកអ្វីៗទៅ; អ្វីៗដែលល្មមនាំយកទៅបាន។ ខ្សែជាគ្រឿងប្រដាប់ក; កង-ក ។
កិរិយាសព្ទ
ចែក, បែងជាចំណែក, រកឲ្យឃើញជាចំណែក (ពាក្យប្រើក្នុងក្បួននព្វន្ត)
ហារលេខ ។ លេខហារ លេខចែក។ មុក្ដាហារ ឬមុត្ដាហារ (ម. ព.មុក្ដា ឬមុត្តា) ។
អក្សរ
(អ័ក ឬ អក់-ស)
នាមសព្ទ
(សំ.; បា. អក្ខរ) អក្ខរៈ ។ អក្សរខម អក្សរខ្មែរ (ហៅតាមសៀមដែលយកអក្សរខ្មែរ ទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរ តួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម) ។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗមិនពេញតួ សម្រាប់សរសេរខ្វៀកៗរំហ័សការ ។ អក្សរគ្រវាត់ ឬ —ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម ។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កិ កី កឹ កឺ ។ ល ។ កុំ កំ កាំ កះ ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក , កង , ចក , ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑ , អន៑ , ករ៑ , កម៌ន៑ , វិទ៑ , វិទ្យុត៑ ជាដើម ។ អក្សរប្រយោគ អក្សរផ្ញើជើង ឬអក្សរគ្រវាត់ ( ហៅ អក្ខរប្បយោគ ក៏បាន ) ។ អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត ( អក្សរប្រយោគ ), ដូចជា ក្ង , ក្ន , ខ្ច , ខ្ទ ជាដើម ។ អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ ។ អក្សរលក្ខណ៍ ឬ —លក្សណ៍ សំបុត្រសម្គាល់ ។ អក្សរសព្ទ អក្សរល្អិតៗ ដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ ។ អក្សរសាស្ត្រ វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ , . . . ។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ ។ ល ។
(មើលក្នុងពាក្យ អប្សរ)។
ឧទយ
(អ៊ុទៈយៈ)
នាមសព្ទ
(សំ. បា. ឧទយ) ការលេចឡើង, ការរះ (នៃព្រះអាទិត្យជាដើម)
ឧទ័យនៃព្រះអាទិត្យ, ឧទ័យនៃព្រះចន្ទ្រ ។
សេចក្ដីចម្រើន; ចំណេញ។ ខ្មែរប្រើជា កិ. ក៏មាន ” រះ ”
ព្រះអាទិត្យឧទ័យ ព្រះអាទិត្យរះ ( ព.ផ្ទ. អស្ដង្គត ) ។
ឧទយកាល ឬ –វេលា, –សម័យ ពេលថ្ងៃរះ ( អរុណោទ័យ ឬសុរិយោទ័យ ) ។ ឧទយប្បទេស ឬ –ប្រទេស ប្រទេសថ្ងៃរះ គឺប្រទេសដែលនៅខាងកើតគេបំផុត ។ ឧទយភាព ភាពនៃថ្ងៃរះ; ដំណើរចំណេញ; ភាពនៃសេចក្ដីចម្រើន ។ ឧទយលាភ ការបានចំណេញ; ការបានសេចក្ដីចម្រើន ។ ល។ ខ្មែរប្រើពាក្យ ឧទយ ឬ ឧទ័យ នេះជាឋានន្តរនៃមន្ត្រីក៏មាន, ដូចជា ឧទ័យធិរាជ ( < ឧទយ + អធិរាជ, គួរជា ឧទយាធិរាជ ), ឧទ័យវង្សា, វង្សាឧទ័យ, ធម៌ឧទ័យ, ជំនិតឧទ័យ, ភក្ដីឧទ័យ ជាដើម ។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា សុរិយោទ័យ, អរុណោទ័យ, សុខោទ័យ ជាដើម (ម. ព. ទាំងនេះ) ។