ដោយៈ គង់ហេង / កំពង់ចាម៖ បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូរថែរក្សាសុខភាព ឱ្យបានរឹងមាំ ពោលគឺ ជៀសវាងធ្លាក់ខ្លួន ដល់ការព្យាបាល គឺកុំឱ្យឈឺតែម្តងនោះ នឹងចំណាយថវិកា ប៉ះពាល់ដល់ជីវភាពគ្រួសារ និងឱ្យមន្រ្តីពង្រឹងការអនុវត្តច្បាប់។
លោកបណ្ឌិត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និសិ្សតក្រីក្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថាៈ សូមចូលរួមអបអរសាទរ ជូនចំពោះនិស្សិតជ័យលាភី ទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះ បានកើតចេញពីការខិតខំប្រឹងប្រែង របស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបាន លះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀន ចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗ ពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ។
លោកបានបន្ថែមថាៈ អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយ មនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការបាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវ សិក្សារៀនសូត្រ និងធ្វើទំនើបកម្ម ជាប់ជាប្រចាំ ទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណា ឱ្យដើរទាន់រាល់ការវិវឌ្ឍ ឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាន នូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។
លោកបានបន្តថាៈ សុខភាព គឺជាទ្រព្យធនដ៏ចម្បង របស់បុគ្គលម្នាក់ៗ និងសង្គមជាតិ ទាំងមូល ហើយទ្រព្យធននេះ នឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមាន ការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ ទី១. បុគ្គលម្នាក់ៗ មានការយល់ដឹងច្បាស់លាស់ អំពីការថែទាំ និងបំប៉នសុខភាព តាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យ ទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អ ប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យ សុខាភិបាលជាជំហានៗ តាមរយៈការជំរុញសេវាសុខាភិបាល ឱ្យកាន់តែខិតកៀក ជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ ឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ អំពាវនាវឱ្យប្រជាពលរដ្ឋ ថែរក្សា សុខភាព កុំឱ្យធ្លាក់ខ្លួនឈឺចូលព្យាបាលនេះ នៅពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប និងបរិញ្ញាបត្ររង ទន្តគិលានុបដ្ឋាក បច្ចេកទេសមន្ទីរពិសោធន៍ ជូនដល់និសិ្សតជ័យលាភី នៅសាកលវិទ្យាល័យកំពង់ចាម នៅចំពោះមុខមន្រ្តី ព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្រ្តី និងអភិបាលខេត្តច្រើនរូប ព្រមទាំងនិស្សិតជ័យលាភី សរុបប្រមាណជាង ៨០០ នាក់ នៅព្រឹកថ្ងៃទី ២០ មីនា នេះ៕/V/r