ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចំណាន
គុណសព្ទ
ពាក្យក្លាយឃ្លាតសំឡេងពី ឆាំន៉ានៗ ក្លាយសំឡេងពី ជំនាញ ។ កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យ ជំនាញ ទៅសរសេរជា ជាំនាញ អានថា ឆាំន៉ាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំ ធ្លាប់និយាយតាមសៀមដែលថា ជំនាញ ជា ឆាំន៉ាន, លុះវិលត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏និយាយថា ឆាំន៉ានៗ តាមធ្លាប់មាត់, លុះចំណេរកាលយូរតមក ខ្មែរឯទៀតៗនិយាយក្លាយឃា្លតសំឡេងពី ឆាំន៉ាន មកជា ចំណាន, ពាក្យ ជំនាញ របស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺ ជំនាញ ជា ឆាំន៉ាន, ឆាំន៉ាន ជា ចំណាន នេះឯង, ឯន័យរបស់ពាក្យទាំង ៣ សំឡេង : ជំនាញ > ឆាំន៉ាន > ចំណាន នេះគង់នៅតែដដែល គឺមានដំណើរសេចក្ដីថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូចគ្នា ។ ជំនាញ ជាសំដីរបស់ខ្មែរ, គួរខ្មែរយើងថាឲ្យច្បាស់តាមសំដីរបស់ជាតិយើងវិញ ជាការប្រពៃណាស់ ឈ្មោះថាយើងមិនព្រមថាឲ្យឃ្លាតចាកសំដីដើមរបស់ខ្លួន, កាលបើយើងនិយាយជាមួយនឹងសៀម សឹមយើងថា ឆាំន៉ាន ជាមួយនឹងគេទៅចុះ កុំថា ចំណាន ព្រោះកុំឲ្យសៀមគេថាយើងនិយាយមិនច្បាស់ដូចគេ ។ នេះជាប្រវត្តិនៃពាក្យ ចំណាន ( ម. ព. ជំនាញ, ជាញ, ជាញជ័យ; ទិទៀន; ចឺម ទៀតផង) ។
ផូក
នាមសព្ទ
(ស. ផូក អ. ថ. ភូក ប្រើជា កិ. “ចង…” ) ចំណង, កណ្ឌ, ខ្សែ (ចំពោះតែសាស្ត្រាស្លឹករឹត)
សាស្ត្រាមួយផូក គឺសាស្ត្រា ១ កណ្ឌ ឬ ១ ខ្សែ ។
វល្លិ
(វ័ល)
នាមសព្ទ
(សំ. បា. វល្លី) លតា ។ វល្លិជាតិ ឬ វល្លី– ( វ័ល-លិ-ជាត ឬ វ័ល-លី– ) លតាជាតិទួទៅ
បោចវល្លិធ្វើចំណង ។
សក់ក័ន្ដ
(–កាន់)
នាមសព្ទ
ការកាត់សក់ ។ សៀមសរសេរជា ឝកក័ន្ដ ( សុក-កាន់), ឝក ( សុក ) “សក់” ជាពាក្យខ្មែរ + ក័ន្ដ < បា. កន្ត, សំ. កាន្ត “កាត់” = កាត់សក់ សំដៅសេចក្ដីថា “កាត់ជុក ឬកាត់កំប៉ោយ”; លុះចំណេរតមកប្រើក្លាយជា សុក័ន្ត ឬ សុកាន្ត “កាត់ដោយប្រពៃ” ជួនប្រើជា សោក័ន្ត ឬ សោកាន្ត ក៏មាន, សំដៅសេចក្ដីថា “ការកាត់ជុក ឬការកាត់កំប៉ោយ” ដែរ, ហៅថា កេសាក័ន្ដ ក៏មាន, ហៅចំពោះតែការកាត់ជុក ព្រះរាជកុមារឬព្រះរាជកុមារី ក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅកោរជុក, រាប់ជាការមង្គលមួយប្រភេទ សម្រាប់ប្រទេសខ្មែរ ។
អង្ក
(អង់-កៈ)
នាមសព្ទ
(សំ. បា. អង្ក ឬ អង្កន) គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា ( ឱង្កា )។ អង្កវិទ្យា វិទ្យាលេខ, វិជ្ជានព្វន្ដ។