ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្តើមរៀបចំសម្អាតតារាង បាល់ទះឆ្នេរខ្សាច់ នៅលើទីធ្លាសាធារណៈ ត្រង់ចំណុចចន្លោះសិលាចរឹកបីដុំ និង បន្ទប់ទឹកលេខ១១ ជាកន្លែងប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ នៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដែលខេត្តនេះ ទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាបី ប្រភេទ រួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះឆ្នេរខ្សាច់។
លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថាៈ តារាងបាល់ទះលើឆ្នេរ ខ្សាច់ ចំនួន៣ កំពុងត្រូវបានធ្វើការរៀបចំ នៅលើទីធ្លាសាធារណៈ ត្រង់ចំណុចចន្លោះ សិលាចារឹកបីដុំ និងបន្ទប់ទឹកលេខ១១(ជិតដើមឈើចាំស្នេហ៍) ដោយមន្ទីរសាធារណ ការ តាមការប្រគល់ភារកិច្ច ពីរដ្ឋបាលខេត្តព្រះសីហនុ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ ទីធ្លាសាធារណៈខាងលើនេះ កន្លងទៅ ត្រូវបាន កាត់សម្អាតស្មៅ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ ជាកន្លែងប្រគំតន្ត្រី ជាកន្លែងបោះតង់ ហើយនៅនេះ កន្លែងនេះ ត្រូវបានជ្រើសរើសធ្វើតារាងបាល់ទះឆ្នេរខ្សាច់ សម្រាប់បម្រើ ដល់ការប្រកួតកីឡាបាល់ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាបីប្រភេទ គឺកីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះឆ្នេរខ្សាច់។
តារាងបាល់ទះចំនួនបី ដែលកំពុងរៀបចំនេះ លោក បុរី វង្សសានិត្យ បាននិយាយឱ្យ ដឹងថាៈ ចំនួនពីរ ជាតារាង សម្រាប់បម្រើដល់ការប្រកួត និងមួយតារាង សម្រាប់ហ្វឹក ហាត់ ដែលយើងត្រូវធ្វើការរៀបចំសម្អាត យកស្មៅ កម្ទេចឈើ ចេញឱ្យស្អាត ធ្វើយ៉ាង ណាឱ្យបានរួចរាល់មុនថ្ងៃទី៥ ខែមេសា ទាំងការសម្អាតតារាង និងកាត់សម្អាតស្មៅ នៅលើទីធ្លាសាធា រណៈនេះ ទាំងមូល៕/V/r