ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ប្រចាំបញ្ជា សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាបន្តបន្ទាប់ បានចុះត្រួត ពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងអំឡុងពេល កាន់តែកៀកព្រឹត្តិការណ៍ធំៗនៃប្រទេសជាតិ ។

នេះបើយោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា ឲ្យលោកវរសេនីយ៍ទោ កែវ ដូល អធិការរង បានដឹកនាំកម្លាំង ចុះបំពេញការងារ ខាងលើ ។

លោកវរសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ថ្មីៗនេះថាៈ កម្លាំងនគរបាលផ្នែកសណ្តាប់ ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នាយប់នោះ ក៏បានអប់រំដល់អ្នកបើកបរម៉ូតូកង់៣ (PassApp) ដែលប្រើប្រាស់ យានបញ្ចេញផ្សែង ឬសម្លេងម៉ាស៊ីនខ្លាំង លើសបទដ្ឋានបច្ចេកទេស បំពាក់ប្រព័ន្ធភ្លើង និងបំពាក់ស៊ីផ្លេខុសស្តង់ដា ឬបច្ចេកទេស កំណត់ រំខានដល់អ្នកប្រើប្រាស់ផ្លូវ ផ្សេងទៀត ឬអ្នករស់នៅជាប់ដងផ្លូវ។

ជាមួយគ្នានោះដែរ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់អូរជ្រៅ ក៏ចេញល្បាតតាម​គោលដៅ ក្នុងភូមិសាស្ត្រគ្រប់គ្រង​និងងាយរងគ្រោះ ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ក៏បានជម្រាប ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន បើមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើង តាមគោលដៅ នៅជិតផ្ទះរបស់ បងប្អូន ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទទាន់ហេតុការណ៍ របស់អធិការដ្ឋាននគរ បាលក្រុងប៉ោយប៉ែត មានលេខ ០៩៧ ៧៧ ៨០ ១៦៤ ដើម្បីចាត់កម្លាំងចុះទៅ ជួយអន្តរាគមន៍ ទប់ស្កាត់ស្កាត់ និងបង្ក្រាបបទល្មើស បានទាន់ពេលវេលា ៕ V / N