ដោយ: បូកគោ / កំពត: មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ ក្រសួង នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ផលិតផលអំបិល កំពត-កែប នាពេលដ៏ខ្លីខាងមុខ ខណ:ដែលឈ្មោះសមាគម ព្រមទាំងសៀវភៅបន្ទុក នៃសមាគម បានអនុម័តរួចរាល់ បន្ទាប់ពីក្រសួងមហាផ្ទៃ ទទួលស្គាល់នោះ។
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះ នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឱកាសបើកមហាសន្និបាត កំណើតដំបូងរបស់ សមាគអ្នកផលិតអំបិលកំពត-កែប នៅសណ្ឋាគារ មិត្តភាពក្រុងកំពត។
លោក អ៊ុក ប្រជា បានមានប្រសាសន៍ថាៈ បន្ទាប់ពីបានជួបជាមួយក្រុមម្ចាស់ការដ្ឋាន ជាច្រើនលើក ពិសេសក្រោយមហាសន្និបាត នាព្រឹកនេះ ដោយសមាគមមានការរៀប ចំរចនាសម្ព័ន្ធដឹកនាំរួចរាល់ ហើយសៀវភៅបន្ទុក ក៏បានអនុម័តពីក្រុមអ្នកផលិតអំបិល អាជីវករផងនោះ ក្រសួងនឹងធ្វើការសម្របសម្រួល ដើម្បីចុះបញ្ជីសម្គាល់ភូមិសាស្ត្រ ទំនិញ ជូនផលិតផលអំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខ ខណៈពេលសមាគម ត្រូវបានចុះបញ្ជីនៅក្រសួងមាហាផ្ទៃ។
ជាមួយនេះ លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា បានបញ្ជាក់ថាៈ ការបង្កើតសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញអំបិលកំពត-កែប មានបំណងការពារ និងផ្សព្វផ្សាយទេពកោសល្យផលិតករ ព្រមទាំងកិត្តិនាមដ៏ល្បីល្បាញ នៃគុណភាពអំបិលកំពត-កែប ដើម្បីជាប្រយោជន៍ដល់ ផលិតករ ប្រតិបត្តិករ ឬអ្នកកែច្នៃ និងអ្នកបរិភោគទាំងអស់។ ការចុះបញ្ជីសម្គាល់ ភូមិសាស្ត្រផលិតផល នឹងជួយឱ្យអំបិល មានទីផ្សារនាំចេញទូលំទូលាយ លក់បានថ្លៃ ជាងមុន ហើយអាចបង្ហាញដល់អន្តរជាតិ បានស្គាល់អំពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕ V / N