ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖សហរដ្ឋអាម៉េរិកបានចោទប្រកាន់ចិននិងរុស្ស៊ីកាលពីថ្ងៃចន្ទទី២០មីនាថាបានការពារកូរ៉េខាងជើងពីសកម្មភាពណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បសម្រាប់ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីបជាច្រើនគ្រាប់មិនធ្លាប់មានពីមុនមកដែលបានបំពានលើសេចក្តីសម្រេចចិត្តជាច្រើនរបស់អ.ស.បនិងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពអាកាសចរណ៍និងដែនសមុទ្រអន្តរជាតិ។
ឯកអគ្គរដ្ឋទូតអាម៉េរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាអ.ស.បថា “ការរារាំង” របស់ចិននិងរុស្ស៊ីកំពុងលើកទឹកចិត្តឱ្យកូរ៉េខាងជើង “បាញ់មីស៊ីលផ្លោងដោយនិទណ្ឌភាព” និងជំរុញការអភិវឌ្ឍអាវុធទំនើបនិងគ្រោះថ្នាក់បន្ថែមទៀត។
ឯកអគ្គរដ្ឋទូតអាម៉េរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀល
បន្ទាប់ពីកិច្ចប្រជុំ លោកស្រីបានអានសេចក្តីថ្លែងការណ៍មួយក្នុងនាមសមាជិកក្រុមប្រឹក្សាអ.ស.បដទៃទៀតដូចជា អាល់បានី អេក្វាឌ័រ បារាំង ជប៉ុន ម៉ាល់តា ស្វីស អារ៉ាប់រួមអេមីរ៉ាតនិងចក្រភពអង់គ្លេស ដែលចូលរួមដោយកូរ៉េខាងត្បូង ដែលបានថ្កោលទោសចំពោះការបាញ់មីស៊ីលទាំងនោះ។
សេចក្តីថ្លែងការណ៍សរសេរថា វិបត្តិដែលកំពុងកើនឡើងនេះបានគំរាមកំហែងមិនត្រឹមតែតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសន្តិភាពនិងស្ថិរភាពពិភពលោកផងដែរហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនិយាយម្តងទៀតជាសំឡេងតែមួយ។ សេចក្តីថ្លែងការណ៍របស់លោកស្រីហ្គ្រីនហ្វៀលមិនបានដាក់ចំឈ្មោះចិននិងរុស្ស៊ីទេ ទោះបីជាវាសំដៅយ៉ាងច្បាស់ចំពោះប្រទេសទាំងពីរក៏ដោយ។
ក្រុមប្រឹក្សាសន្តិសុខដែលរួបរួមមួយបានដាក់ទណ្ឌកម្ម បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០០៦ហើយបានរឹតបន្តឹងវាក្នុងរយៈពេលជាច្រើនឆ្នាំក្នុងសេចក្តីសម្រេចចិត្តសរុបចំនួន ១០ ដែលព្យាយាមគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងកាត់ផ្តាច់មូលនិធិ តែរហូតមកទល់ពេលនេះគឺមិនទទួលជោគជ័យទេ។ នៅក្នុងសេចក្តីសម្រេចចិត្តទណ្ឌកម្មចុងក្រោយដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខក្នុងខែធ្នូ ឆ្នាំ ២០១៧សមាជិកក្រុមប្រឹក្សាបានប្តេជ្ញារឹតបន្តឹងបន្ថែមទៀតនូវការនាំចេញប្រេងទៅកាន់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះបាញ់មីស៊ីលផ្លោងដែលមានសមត្ថភាពឈានដល់កម្រិតឆ្លងទ្វីប។
ចិននិងរុស្ស៊ីបានវេតូលើសេចក្តីសម្រេចចិត្តដែលគាំទ្រដោយសហរដ្ឋអាម៉េរិកនៅក្នុងខែឧសភា ឆ្នាំ ២០២២ ដែលនឹងដាក់ទណ្ឌកម្មថ្មី រួមទាំងការនាំចេញប្រេង ជុំវិញការបាញ់មីស៊ីល ICBM ។ពួកគេបាននិយាយថា ជំនួសឱ្យការដាក់ទណ្ឌកម្មថ្មី អ្វីដែលត្រូវការនៅពេលនេះគឺការសន្ទនាជាថ្មីរវាងកូរ៉េខាងជើងនិងសហរដ្ឋអាម៉េរិក ហើយពួកគេបានរក្សាជំហរនោះកាលពីថ្ងៃចន្ទ៕
កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៣