​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា យន្តហោះ​ចម្បាំង​រុស្ស៊ី Su-35 មួយ​គ្រឿង​បាន​ហោះ​ពីលើ​សមុទ្រ​បាល់ទិ​កកាល​ពី​ថ្ងៃ​ចន្ទទី​២០​មីនា​បន្ទាប់​ពី​យន្តហោះ​​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​អាម៉េរិក​ពីរ​គ្រឿង​បាន​ហោះ​ក្នុងទិសដៅ​នៃ​ព្រំដែន​រុស្ស៊ី ប៉ុន្តែ​វា​បាន​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ បន្ទាប់​ពី​ពួក​វា​កាច់ចង្កូត​ចេញ​ឆ្ងាយ​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការ​ធ្លាក់ដ្រូន​អាម៉េរិក​កាលពី​ថ្ងៃទី ១៤ ខែ​មីនា​ចូលទៅក្នុង​សមុទ្រ​ខ្មៅ​ក្រោយ​ពី​វា​ត្រូវ​បាន​ស្ទាក់ចាប់​ដោយ​យន្តហោះ​រុស្ស៊ី​នៅក្នុង​អ្វី​ដែល​ជា​ការ​ពើបប្រទះ​គ្នា​​ដោយផ្ទាល់​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាម៉េរិក​ជា​លើកដំបូង​ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន​។​

​ក្រសួង​បាន​និយាយ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ Telegram​ថា “​កាលពី​ថ្ងៃទី ២០ ខែ​មីនា គ្រឿង​បរិក្ខារ​រ៉ា​ដា​នៃ​កងកម្លាំង​ការពារ​ដែនអាកាស​នៃ​យោធភូមិ​ភាគ​យោធា​ខាងលិច​ដែល​បំពេញបេសកកម្ម​​នៅលើ​សមុទ្រ​បាល់​ទិក បាន​រកឃើញ​គោលដៅ​អាកាស​ចំនួន​ពីរ​កំពុង​ហោះ​ក្នុង​ទិសដៅ​នៃ​ព្រំដែន​រដ្ឋ​សហព័ន្ធ​រុស្ស៊ី​”​។​

​ក្រសួង​បាន​និយាយថា គោលដៅ​នោះ​គឺជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B52H​របស់​កងទ័ពអាកាស​អាម៉េរិក​។​

​ក្រសួង​បាន​និយាយថា យន្តហោះ​ចម្បាំង Su-35 បាន​ហោះ​ឡើង​លើ​អាកាស​ដើម្បី​ការពារ​ការរំលោភ​ព្រំដែន ហើយ​បាន​បន្ថែមថា​”​បន្ទាប់​ពី​យន្តហោះ​យោធា​បរទេស​បាន​ផ្លាស់​ប្តូរ​ទិស​ឆ្ងាយ​​ពី​ព្រំដែន​រដ្ឋ​សហព័ន្ធរុស្ស៊ី យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​មូលដ្ឋាន​របស់​ខ្លួន​វិញ​”​។​

​ក្រសួង​បាន​និយាយថា ការហោះហើរ​របស់​យន្ត​ហោះ Su-35 គឺ​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ស្តីពី​ការប្រើប្រាស់​ដែនអាកាស និង​ថា​”​គ្មាន​ការរំលោភ​លើ​ព្រំដែន​រដ្ឋ​នៃ​សហព័ន្ធរុស្ស៊ី​ត្រូវបាន​អនុញ្ញាត​នោះឡើយ​”៕

Su-35​ស្ទាក់​ផ្លូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52​នៅលើ​សមុទ្រ​បាល់​ទិច​