ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអុ គីស៊ីដា កាលពីថ្ងៃចន្ទបានអញ្ជើញសមភាគីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី អោយចូលរួមជំនួបកំពូលG7នៅខែឧសភាខាងមុខ និងបានប្រកាសផែនការសកម្មភាពសំរាប់គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកថ្មីមួយ ក្នុងបំណងទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់។
លោកគីស៊ីដា ដែលកំពុងធ្វើទស្សនកិច្ចពីរថ្ងៃនៅឥណ្ឌា បាននិយាយថាលោកសង្ឃឹមថានឹងជំរុញទស្សនវិស័យនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយ ជាគំនិតផ្តួចផ្តើមដឹកនាំដោយរដ្ឋាភិបាលទីក្រុងតូក្យូសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខនិងសេដ្ឋកិច្ចធំឡើង ដែលនឹងនាំទៅរកការរារាំងការអាងយ៉ាងនិងភាពគឃ្លើនកាន់តែខ្លាំងឡើងរបស់ចិន។
វារួមមាន ជំនួយរបស់ជប៉ុនសំរាប់ប្រទេសមានសេដ្ឋកិច្ចកំពុងងើបស្ទុះឡើង គាំទ្រសន្តិសុខសមុទ្រ ជួយទូកល្បាតនិងគ្រឿងបរិក្ខារព្រមទាំងកិច្ចសហការហេដ្ឋារចនាសម្ពន្ធផ្សេងៗ។វាស៊ីគ្នានឹងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែធ្នូ ដែលនឹងអនុញ្ញាតអោយយោធាជប៉ុនដាក់ពង្រាយកាំជ្រួចចម្ងាយឆ្ងាយដើម្បីពង្រឹងសមត្ថភាពវាយបករបស់ខ្លួន និងប្រើជំនួយអភិវឌ្ឍន៍សំរាប់យុទ្ធសាស្ត្រអោយច្រើនឡើងដើម្បីគាំទ្របណ្តាប្រទេសដែលមានចិត្តគំនិតដូចគ្នា។
ឥណ្ឌា ដែលដឹកនាំក្រុមប្រទេសG20និងបណ្តាប្រទេសមានទីផ្សារកំពុងងើបស្ទុះសំរាប់ឆ្នាំនេះ និយាយថា ទំនាក់ទំនងជាមួយជប៉ុនមានសារសំខាន់ជាគន្លឹះសំរាប់ស្ថិរភាពនៅក្នុងតំបន់។ប្រទេសទាំងពីរបូករួមទាំងអាម៉េរិកនិងអូស្ត្រាលី បានបង្កើតសម្ពន្ធភាពថ្មីមួយរួចហើយឈ្មោះថា ក្វាដ(Quad)។សម្ពន្ធភាពចតុភាគីនេះក៏មានបំណងទប់ទល់នឹងចិនដែរ។
ការអះអាងទឹកដីនៅក្នុងសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងពីសំណាក់ចិនកំពុងធ្វើអោយបណ្តាប្រទេសក្បែរខាងតូចៗជាងនៅអាស៊ីអាគ្នេយ៍រួមជាជប៉ុន នៅមិនស្ងប់ចិត្តនិងតវ៉ា។ទំនាក់ទំនងចិនជាមួយឥណ្ឌាក៏ធ្លាក់ចុះដុនដាប់ខ្លាំងចាប់តាំងពីឆ្នាំ២០២០ ពេលទាហានឥណ្ឌានិងចិនបានប៉ះទង្គិចគ្នានៅតាមព្រំដែនមានជម្លោះរបស់គេក្នុងតំបន់ឡាដាក់(Ladakh)ដែលនាំដល់ការស្លាប់ទាហានឥណ្ឌា២០នាក់និងទាហានចិនបួននាក់។
លោកគីស៊ីដា ក៏ពិភាក្សាជាមួយលោកម៉ូឌីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោះស្រាយសន្តិសុខស្បៀងនិងការផ្តល់ហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍ។មេដឹកនាំទាំងពីរបាននិយាយថាពួកលោកនឹងសហការគ្នាជិតស្និទ្ធនៅក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួនធំរបស់ពិភពលោក រួមមានការឡើងថ្លៃថាមពលនិងការផ្គត់ផ្គង់ស្បៀង ដែលបានចាប់ផ្តើមមានបញ្ហាពេលរុស្ស៊ីបង្កសង្គ្រាមនៅអ៊ុយក្រែន៕
នាយករដ្ឋមន្ត្រីជប៉ុន និងសមភាគីឥណ្ឌា ជួបពិភាក្សាគ្នានៅទីក្រុងញូវ ដេល្លី កាលពីថ្ងៃ២០មីនាក្នុងអំឡុងពេលមេដឹកនាំជប៉ុនធ្វើទស្សនកិច្ចទីនោះពីរថ្ងៃ