ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បាននិយាយថា ប្រទេសអ្នកមាន “មានទំនួលខុសត្រូវ”ក្នុងការធានាឱ្យមានប្រាក់គ្រប់គ្រាន់ទៅដល់តំបន់នៃពិភពលោកដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់អាកាសធាតុ។
អ្នកវិភាគរបស់ IPCCបានរកឃើញថា ប្រជាជននៅតំបន់ដែលងាយរងគ្រោះ ដូចជា អាហ្វ្រិក អាស៊ី អាម៉េរិកខាងត្បូង កោះតូចៗ និងតំបន់អាក់ទិក បានទទួលរងការស្លាប់ខ្ពស់ជាងមុន ១៥ ដងក្នុងចន្លោះឆ្នាំ ២០១០ និង ២០២០ ដោយសារតែទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះ បើធៀបនឹងតំបន់ដែលងាយរងគ្រោះតិចជាង។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អ្នកវិទ្យាសាស្ត្រអាកាសធាតុរបស់អ.ស.បបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងខ្លាំង និងការគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពកាន់តែអាក្រក់។
អ្នកនិពន្ធបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោករួចហើយ ហើយឥទ្ធិពលរបស់វានឹងបន្តកើនឡើងជាមួយនឹងគ្រប់ផ្នែកនៃកម្តៅ ដែលប៉ះពាល់ដល់អ្នកដែលទទួលខុសត្រូវតិចតួចបំផុតចំពោះការបំភាយឧស្ម័ន។
របាយការណ៍នេះបាននិយាយថា លុយកាន់ច្រើនឡើងនៅតែកំពុងចាក់ចូលទៅផ្នែកឥន្ធនៈហ្វូស៊ីលជាជាងការកាត់បន្ថយនិងការបន្សាំអាកាសធាតុហើយការវិនិយោគនៅទូទាំងពិភពលោកត្រូវតែមានចំនួនខ្ពស់ជាងមុនបីដង។
ប្រធាន IPCC លោកបណ្ឌិត ហូស៊ុង លី (Hoesung Lee)បាននិយាយថា “លុយមិនអាចដោះស្រាយអ្វីគ្រប់យ៉ាងបានទេប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការបង្រួមគម្លាតរវាងអ្នកដែលងាយរងគ្រោះបំផុត និងអ្នកដែលមានសន្តិសុខខ្ពស់ជាង”៕
ប្រធាន IPCC លោកបណ្ឌិត ហូស៊ុង លី