ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣រយៈពេល ៣ ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ឱ្យកាន់តែល្អប្រសើរ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ នេះ។
គ្រូឧទ្ទេសសម្រាប់វគ្គនេះ គឺលោក Marton Kereszturt ជាជនជាតិហុងគ្រី ដែលជាប្រទេសដើមកំណើត នៃប្រភេទកីឡាបាល់ទាត់លើតុ (Teqball) នេះតែម្តង។
លោក Marton Kereszturt បានសន្យាថា លោកនឹងព្យាយាមបង្ហាត់បង្រៀន ដល់សិក្ខាកាមកម្ពុជា ឱ្យមានការយល់ និងបានដឹងពីលក្ខខណ្ឌ បទបញ្ជាប្រកួត និងប្រវត្តិនៃប្រភេទកីឡា Teqball នេះ ឱ្យបានច្បាស់លាស់ ដើម្បីបង្កើនការអភិវឌ្ឍ ឱ្យបានលឿននៅក្នុងប្រទេសកម្ពុជា។
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានថ្លែងនៅ ក្នុងពិធីបើកវគ្គថាៈ កីឡាបាល់ទាត់លើតុកម្ពុជាគឺជាប្រភេទកីឡាថ្មី ទើបបានដាក់ បញ្ចូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា លើកនេះ ហើយអ្នកទាំងអស់គ្នា នៅទីនេះ ជាសមាជិកដ៏សំខាន់របស់សហព័ន្ធយើង។ យើងត្រូវរួបរួមគ្នា ខិតខំសិក្សា និងអភិវឌ្ឍសមត្ថភាព ដើម្បីលើកស្ទួយវិស័យកីឡា បាល់ទាត់លើតុរបស់យើង ឱ្យកាន់តែមានការរីកចម្រើន មួយកម្រិតទៀត។
ជាមួយគ្នានេះ លោក អនចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានលើកឡើងថាៈ បាល់ទាត់លើតុ គឺជាប្រភេទកីឡាថ្មីមួយ សម្រាប់កម្ពុជា ហើយក៏ថ្មី សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។ ជាមួយនឹងការបង្កើតថ្មី នូវសហព័ន្ធជំនាញកីឡាមួយនេះ ការបណ្តុះបណ្តាលធនធាន គឺជាការចំបាច់បំផុត ដើម្បីអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹក កម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។
កីឡាTeqball ជាប្រភេទកីឡាមួយ ក្នុងចំណោមប្រភេទកីឡាទាំង ៣៧ ដែលត្រូវបានដាក់ឱ្យប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែការប្រកួត កីឡា Teqball មិនត្រូវបានដាក់បញ្ចូលជាមេដាយផ្លូវការ ក្នុងស៊ីហ្គេមនោះទេ ពោលគឺ គ្រាន់តែជាការប្រកួតមិត្តភាពធម្មតា រវាងប្រទេសដែលចូលរួម ចំនួន ៧ រួមមាន ម្ចាស់ផ្ទះ កម្ពុជា ហ្វីលីពីន ព្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ីម៉ាឡេស៊ី និង ថៃ ៕/V-PC