ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធាន គណៈកម្មាធិការ​អនុសាខា​​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានកាកបាទក្រហម​រាជធានីភ្នំពេញ​ មកផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ៤​ ផ្លូវ​១០៥​ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​សរុបចំនួន ៥គ្រួសារ ដែលកំពុងតែ​ជួបទុក្ខលំបាក ដោយគ្រោះអគ្គិភ័យ​នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ លោក កៀង ល័ក្ស បានសូមឱ្យបងប្អូនថែទាំសុខភាព ឱ្យបានល្អ និងមានការប្រុងប្រយ័ត្ន ហើយការពារជាមុន ចៀសវាងជួបបញ្ហាគ្រោះអគ្គិភ័យ កុំឱ្យកើតមានជាថ្មីម្ដងទៀត។

មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថា៖ អំណោយដែលលោកអភិបាលខណ្ឌ ផ្ដល់ជូនក្នុង​មួយគ្រួសារ បានទទួលអង្ករ ​១បាវ ស្មេីនឹង ២៥ គីឡូក្រាម ទឹកស៊ីអុីវ​ ចំនួន​១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស តង់ចំនួន១ ថវិកាចំនួន ​២០០.០០០ រៀល។

ក្រោ​យពីទទួលបានអំណោយ​បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ​បានថ្លែងអំណរអរ គុណចំពោះ​ទឹកចិត្តដ៏ថ្លៃថ្លា​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូនប្រជាពលរដ្ឋ​កំពុងតែ​ជួបទុក្ខលំបាក​៕ V / N