មន្ត្រី​សុខាភិបាលៈ បើ​សង្ស័យថា​មាន​ជំងឺគ្រុនចាញ់ កុំទៅ​ពេទ្យ​ឯកជន​ជាដាច់ខាត​

1276
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានផ្តល់​អនុសាសន៍​ថា  នៅពេល​មាន​គ្រុនក្តៅ​រងា​ញាក់ សង្ស័យថា​កំពុងមាន​ជំងឺគ្រុនចាញ់ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​រដ្ឋ ឬ អ្នកស្ម័គ្រចិត្ត​ភូមិ ឬ ទូរស័ព្ទ​ទៅ​លេខ ១១៥ ដើម្បី បញ្ជូន​មន្ត្រី​ទៅ​ព្យាបាល ហើយ​សេវា​ទាំងនេះ ផ្តល់ជូន​ដោយ​ឥត​គិត​តម្លៃ​ឡើយ ។ ដាច់ខាត​កុំ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯង ហើយ​ដាច់ខាត​មិនត្រូវ​ទៅរក​ថ្នាំ​នៅ​គ្លីនិក​ឯកជន ឬ ទិញ​ថ្នាំ​នៅ​កន្លែង​លក់​ថ្នាំ​ឯកជន​ឡើយ ព្រោះ​រហូតមក​ដល់ពេលនេះ គ្មាន​គ្លីនិក​ឯកជន ឬ ឱសថស្ថាន​ឯកជន​ណាមួយ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់​ឡើយ ។

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ផ្តល់​ដំបូន្មាន​បែបនេះ ដោយសារ​នៅ​រដូវវស្សា​នេះ នាយកដ្ឋាន​ប្រុ​ទ្ធ​នឹង​ជំងឺឆ្លង នៃ ក្រសួងសុខាភិបាល បាន​រកឃើញ​ជំងឺគ្រុនចាញ់ និង ជំងឺ​ផ្តាសាយ​ជាច្រើន​ករណី ។ ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​ទាំងនេះ​នៅឡើយ​ទេ ។

​ជំងឺគ្រុនចាញ់ គឺជា​ជំងឺ​ដែល​អាច​ព្យាបាល​ឱ្យ​ជា​ដាច់​បាន ប៉ុន្តែ​ប្រសិនបើ​ទុកឱ្យ​យឺត​ពេលនោះ វា​អាចធ្វើឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ហើយ​ប្រសិនបើ​ប្រើប្រាស់​ថ្នាំ មិន​គ្រប់​តាម​ចំនួន​វេជ្ជបញ្ជា​ទេនោះ វា​ធ្វើឱ្យ​មេរោគ នៃ ជំងឺគ្រុនចាញ់ ស៊ាំ​នឹង​ថ្នាំ ពោលគឺ​ព្យាបាល​មិនជា​ដាច់ ។ ដូច្នេះ​នៅពេល​ទ​ទូល​បាន​ថ្នាំ​ពី​អ្នកជំនាញ​ហើយ ត្រូវតែ​លេបថ្នាំ​នោះ​ឱ្យបាន​ត្រឹមត្រូវ និង ទៀងទាត់​តាម​ការណែនាំ ។​

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បន្ថែមថា ក្រសួងសុខាភិបាល បាន​បើក​យុទ្ធនា​ការចែក​មុង​ជ្រលក់​ថ្នាំ​រាប់លាន​ទៅដល់​ប្រជា​ពរល​ដ្ឋ​នៅ​តំបន់​ដែល​ទទួលស្គាល់ថា​មាន​ជំងឺគ្រុនចាញ់ ដែល​រហូតមក​ដល់ពេលនេះ មុង​ជ្រលក់​ថ្នាំ​ទាំងនោះ ត្រូវបាន​វ​ចែក​ទៅដល់​គោលដៅ​ស្ទើរ ១០០ ភាគរយ​ហើយ ។ ប្រសិនបើ​បងប្អូន​ណា​មិនទាន់​ទទួលបាន​មុង​ជ្រលក់​ថ្នាំ សូម​ទំនាក់ទំនង​នៅ​មណ្ឌល​សុខភាព ឬ ម​ន្រី​សុខាភិបាល ដើម្បី ទទួលបាន​មុង​ជ្រលក់​ថ្នាំ ។ អ្វីដែល​សំខាន់បំផុត​ពេល​ទទួល​បាន​មុង​ហើយ ត្រូវ​ប្រើប្រាស់​មុង​ទាំងនោះ​ឱ្យបាន​ទៀងទាត់ គឺ​ត្រូវ​សម្រាន្ត​នៅក្នុង​មុង មិន​ថា​យប់ ឬ ថ្ងៃ​ឡើយ ហើយ​មិនត្រូវ​នៅក្រៅ​មុង​ដល់​យប់​ពេក​ឡើយ ជាពិសេស​បងប្អូន​អ្នក​ចំណាកស្រុក ។​

​វិធី​បង្កា​ចំ​ងឺ​ទាំងនេះ គឺ​ត្រូវឱ្យ​អ្នកជំងឺ និង អ្នក​នៅ​ជុំវិញ​អ្នកជំងឺ​ពាក់​ម៉ាស់​ទាំងអស់គ្នា ហើយ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ ជែ​ល ។ ទីទៃ​នេះ​ធ្វើយ៉ាងណា កុំឱ្យ​មូស​ខាំ គឺ​ទាំង​មូស​ខ្លា និង មូស​ដែកគោល ដូចជា​ត្រូវ​សម្រាន្ត​ក្នុង​មុង និង លប់បំបាត់​ទឹក​ដក់ កុំឱ្យ​មូស​ពង​ញាស់​កូន​ជាដើម ៕ Kh

មូសគឺជាប្រភពជំងឺគ្រុនចាញ់ និង គ្រុនឈាម