ដោយៈសុផល/ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ‘NagaWorld Kind Hearts’ ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមបានសហការជាមួយ Beyond The Games (BTG) រៀបចំទិវាគ្រួសារ ‘Family Day’ នៅកីឡដ្ឋានកំពង់ស្ពឺជាកីឡដ្ឋានដែលទើបនឹងដាក់សម្ពោធនាពេលថ្មីៗ។ ទិវាគ្រួសារ ‘លើសពីការប្រកួត’ នេះ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះក្នុងគោលបំណងលើកកម្ពស់និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើកដំបូងនៅក្នុងខែឧសភាខាងមុខនេះ។ ‘លើសពីការប្រកួត’ ឬហៅជាភាសាអង់គ្លេសថា ‘Beyond The Games’ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមានគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយប្រទេសកម្ពុជាលើសពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីខ្មែរ ។ល។
ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games នឹងផ្តល់ជូននូវល្បែងកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើននៅថ្ងៃ “ទិវាគ្រួសារ” ឬ Family Day នេះ។ក្នុងខណៈពេលដែលកីឡដ្ឋានកំពង់ស្ពឺគឺជាកីឡដ្ឋានក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ Naga World FC កីឡាកររបស់ក្លិបក៏នឹងមានវត្តមាន នៅទីនោះដើម្បីជួបជាមួយអ្នកគាំទ្រ និងលេងហ្គេមជាមួយអ្នកចូលរួមផងដែរ។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងតាំងបង្ហាញពានរង្វាន់ Stevieដ៏មានកិត្យានុភាព១៥ដែលពួកគេបាន ឈ្នះដែលរួមបញ្ចូលពានរង្វាន់មាសដែលពួកគេបានឈ្នះក្នុងឆ្នាំ២០២១ផងដែរ។អ្នកចូលរួមក៏នឹងមានឱកាសបង្ហាញជំនាញរបស់ពួកគេតាមរយៈការលេងហ្គេមបាល់ ទាត់សប្បាយៗជាច្រើន ឬក៏អាចឧបត្ថម្ភជាទឹកប្រាក់ដើម្បីទិញកូនឈើយកទៅដាំដោយដាក់ឈ្មោះរបស់ពួកគេទៀតផង។ នៅក្នុងទិវានេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំផងដែរសម្រាប់អ្នកចូលរួមគ្រប់វ័យ។ Beyond The Gamesនឹងបង្ហាញពីវប្បធម៌និងប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈសកម្មភាពកីឡា និងការលេងហ្គេមផ្សេងៗ។អ្នកចូលរួមក៏អាចជួយបត់ក្រដាសរាងបេះដូងដើម្បីជួយBTGឱ្យទទួលបាក្រដាសរាងបេះដូងចំនួន១ លាននៃឯតទគ្គកម្មហ្គីណេសពិភព លោកផងដែរ។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ”។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ប្រយោជន៍ដល់កុមារនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង ៤៩៦. ៥៤០ នាក់ និងទទួលបានរង្វាន់ក្នុងតំបន់ និងអន្តរជាតិជាង ៣០ដែលរួមបញ្ចូលពានរង្វាន់ Stevie ចំនួន ១៥ ដែលបានឈ្នះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២៕Ph