ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទទី២០មីនាបានគំរាមវាយប្រហារតុលាការក្រុងឡាអេ ជាមួយនឹងមីស៊ីលលឿនជាងសំឡេងដែលមានសមត្ថភាពនុយក្លេអ៊ែរ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) ដែលកំពុងក្តៅឆេវ បានព្រមានចៅក្រមរបស់ICC ឱ្យ “មើលៗទៅលើមេឃផង” ខណៈគាត់បានគំរាមបញ្ចេញមីស៊ីលប្រឆាំងនាវា Onyx ដែលមានល្បឿនលឿនជាងសំឡេងចេញពីកប៉ាល់រុស្ស៊ីទៅលើតុលាការនេះ។
ការព្រមានរបស់គាត់បានធ្វើឡើងបន្ទាប់ពីICC កាលពីថ្ងៃសុក្របានអំពាវនាវឱ្យចាប់ខ្លួនលោកពូទីន និងចោទប្រកាន់មេដឹកនាំរុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយការចាប់ពង្រត់កុមារអ៊ុយក្រែនចេញពីផ្ទះរបស់ពួកគេ និងនិរទេសពួកគេទៅកាន់ប្រទេសរុស្ស៊ីដើម្បីប្រគល់ឱ្យក្រុមគ្រួសាររុស្ស៊ី។
លោកមេតវេដេវបានព្រមានថា ការសម្រេចចិត្តរបស់ICC នឹងមានផលវិបាក”ដ៏ធំ”សម្រាប់សង្គ្រាមអន្តរជាតិ ខណៈលោកនិយាយថា លោកអាចនឹងកំណត់គោលដៅតុលាការនេះជាមួយនឹងមីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពនុយក្លេអ៊ែរ។
លោកមេតវេដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានព្រមានថា “មនុស្សគ្រប់គ្នាដើរនៅក្រោមព្រះនិងមីស៊ីល។ គេអាចស្រមៃបានយ៉ាងច្បាស់អំពីការប្រើប្រាស់មីស៊ីល Onyx លឿនជាងសំឡេងចេញពីសមុទ្រខាងជើងដោយកប៉ាល់រុស្ស៊ីទៅលើតុលាការក្រុងឡាអេ”។
លោកបានបន្តថា “វាមិនអាចបាញ់ទម្លាក់បាននោះឡើយ។ ហើយតុលាការនេះគឺជាស្ថាប័នអន្តរជាតិរងទុក្ខតែឯង មិនមែនប្រជាជននៃប្រទេសណាតូនោះឡើយ”។
លោកនិយាយថា “ដូច្នេះមីស៊ីលទាំងនោះក៏មិនបានចាប់ផ្តើមសង្គ្រាមនោះដែរ។ ពួកចៅក្រមកំពុងភ័យខ្លួន។ គ្មាននរណាម្នាក់គួរឱ្យស្រណោះស្រណោកឡើយ។ ចឹង ពួកចៅក្រម មើលៗលើមេឃផង”៕
លោកមេតវេដេវព្រមានបាញ់មីស៊ីលកម្ទេចតុលាការក្រុងឡាអេ