ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្នុងពេលចូលរួមបើក បើកសន្និបាតបូកសរុបការងារក្រសួងឆ្នាំ ២០២២ និង កំណត់គោលដៅឆ្នាំ ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកមិញថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ ជំរុញការសិក្សារកការបន្ថយចំណាយ និង បង្កើនផលចំណេញដល់កសិករ ។

ប្រភពពីក្រសួងកសិកម្មបានឲ្យដឹងថា លោករដ្ឋមន្រ្តីបានជំរុញនិងលើកទឹកចិត្តដល់ការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណតែគិតពីគុណភាពជាសំខាន់។

លើសពីនេះទៀត លោករដ្ឋមន្រ្តីក៏ជំរុញឲ្យមានការយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា ដោយការងារនេះ ក៏នឹងជួយដល់កសិករដែលមិនទាន់មានទីផ្សារ គ្មានខ្សែបណ្តាញផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងថា គោលនយោបាយកសិកម្មនឹងជួយឱ្យវិស័យឯកជនដឹងពីអ្វីដែលត្រូវធ្វើ ត្រូវវិនិយោគ ហើយសម្រាប់មន្ត្រីដឹងពីផែនការដែលត្រូវអនុវត្តនិងគោលដៅត្រូវសម្រេច។
បន្ថែមពីលើនេះទៀត ត្រូវពិនិត្យលើការផ្តល់សេវាសាធារណៈដល់ក្រុមអ្នកផលិត ដោយបង្កលក្ខណៈងាយស្រួល និងគាំទ្រក្នុងការជំរុញការនាំចេញ ស្របតាមគោលនយោបាយ និងស្ថានភាពជាក់ស្តែង ចំណែកការកសាងផែនការសម្រាប់ឆ្នាំ២០២៤ នាពេលខាងមុខ លោក បានណែនាំពីអាទិភាពសំខាន់របស់ក្រសួងគឺនៅតែបន្តផ្តោតលើសន្តិសុខស្បៀង ដោយរកបានចំណូល មានចំណេញ និងបន្តការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក គឺមានលទ្ធភាពគ្រប់គ្រងក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល។ មួយវិញទៀត គឺនិរន្តរភាព គឺការពិនិត្យថែរក្សាធនធានដែលមានស្រាប់ ដូចជាធនធានដី ការប្រើប្រាស់នូវវិទ្យាសាស្ត្រដើម្បីបន្ថយចំណាយ បង្កើនតម្លៃបន្ថែម និងប្រសិទ្ធភាពសេដ្ឋកិច្ច៕ P / N