ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ការលើកកម្ពស់ប្រាក់រៀល បានធ្វើឱ្យប្រាក់រៀល មានស្ថេរភាព ក្នុងរង្វង់ ៤.០៣៦ រៀល ក្នុងមួយដុល្លារអាមេរិក ដែលប្រែប្រួលក្នុងរង្វង់ ១ ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ នេះជាការលើកឡើងរបស់ លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លើកឡើង ក្នុងសិក្ខាសាលា ស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

លោកស្រី បានមានប្រសាសន៍ថាៈ ការប្រើប្រាស់ប្រាក់រៀល កាន់តែច្រើន នឹងផ្តល់លទ្ធ ភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ កាន់តែមានប្រសិទ្ធភាព ជាពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ ប្រាក់បន្ថែម ដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពល ទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារធ្វើ​ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ប្រាក់រៀលជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀល ពិតជាបានរួមចំណែកដោយផ្ទាល់ និងប្រយោល ដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។

ស្ថិរភាពតម្លៃប្រាក់រៀល បានបង្ហាញពីសុខភាពល្អ របស់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ការគ្រប់គ្រងចរាចរប្រាក់រៀល ក៏ត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញ តម្រូវការប្រាក់រៀល នៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ចាស់ ទក់ រហែក ត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញ ដោយក្រដាសប្រាក់រៀលថ្មីគ្រប់ ប្រភេទ ជាមួយនឹងការលើកកម្ពស់គុណភាព និងសោភ័ណភាពក្រដាសប្រាក់រៀល ៕/V/R