ដោយ:មុនីរ័ត្ន/ភ្នំពេញ:បណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២២-២៤ ខែ មីនា ឆ្នាំ២០២៣។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តី ស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ លោកបណ្ឌិត វីន ហេនដឺសាន់ មកកាន់ ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនវែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕សរន