ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីហ្វ៊ុយមីអុ គីស៊ីដា កាលពីថ្ងៃអង្គារទី២១មីនាបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីក្រុងគៀវ ចំពេលប្រធានាធិបតីចិនលោកស៊ី ជីនពីង កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ក្នុងបំណងជំរុញផែនការសន្តិភាពសំរាប់អ៊ុយក្រែនទោះជាបណ្តាប្រទេសលោកខាងលិចមិនជាសាទរក្តី។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំមហាអំណាចអាស៊ីទាំងពីរនៅរដ្ឋធានីចម្ងាយប្រមាណ៨០០គីឡូម៉ែត្រពីគ្នា បានរំលេចអំពីប្រទេសណានៅខាងរដ្ឋាភិបាលទីក្រុងមូស្គូនិងទីក្រុងគៀវក្នុងសង្គ្រាមចំណាស់១៣ខែមកនេះ។លោកគីស៊ីដា ដែលនឹងដឹកនាំជំនួបកំពូលG7នៅខែឧសភា បានក្លាយជាសមាជិកក្រុមនេះចុងក្រោយដែលបានទៅធ្វើទស្សនកិច្ចទីក្រងគៀវនិងជួបប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បន្ទាប់ពីលោកបានទៅមើលនិងគោរពចំពោះអ្នកដែលត្រូវបានសម្លាប់នៅបូឆា(Bucha)ជាទីប្រជុំជនមួយដែលបានក្លាយជានិមិត្តរូបនៃអំពើសាហាវព្រៃផ្សៃរបស់កងកម្លាំងរុស្ស៊ីលើជនស៊ីវិល។
នាយករដ្ឋមន្ត្រីហ្វ៊ុយមីអុ គីស៊ីដាបានទៅមើលនិងគោរពចំពោះអ្នកដែលត្រូវបានសម្លាប់នៅទីប្រជុំជនបូឆា
នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី ផ្តល់ការស្វាគមន៍គ្នាក្រោយចុះហត្ថលេខាលើឯកសាររួមនៅទីក្រុងគៀវ កាលពីថ្ងៃ២១មីនា
លោកស៊ីនិងពូទីន មិនបានប្រកាសវឌ្ឍនភាពធំៗណាឆ្ពោះទៅកាន់ការអនុវត្តផែនការសន្តិភាពរបស់ចិនទេ ទោះជាយ៉ាងណាមេដឹកនាំរុស្ស៊ីបាននិយាយថាវាអាចជាមូលដ្ឋានមួយសំរាប់បញ្ចប់ការប្រយុទ្ធគ្នានៅពេលណាដែលលោកខាងលិចត្រៀមខ្លួនបញ្ចប់ជម្លោះនេះ។លោកបានបន្ថែមថា ពួកសម្ពន្ធមិត្តលោកខាងលិចមិនចាប់អារម្មណ៍នឹងផែនការនេះទេ។
ពួកមន្ត្រីអាម៉េរិកបាននិយាយហើយថា ផែនការសន្តិភាពណាមួយចេញពីជំនួបពូទីន-ស៊ី នឹងមិនអាចទទួលយកបានឡើយ ដោយសារតែការផ្អាកការប្រយុទ្ធគ្នាណាមួយនឹងគ្រាន់តែជាការទទួលស្គាល់ការកាន់កាប់ទឹកដីដែលរុស្ស៊ីវាយយកនៅអ៊ុយក្រែន និងទុកពេលអោយរុស្ស៊ីរៀបចំកម្លាំងដើម្បីវាយប្រហារជាថ្មីតែប៉ុណ្ណោះ។
លោកពូទីនបាននិយាយថា« វាហាក់ដូចជាពួកលោកខាងលិចមានបំណងវ៉ៃរុស្ស៊ីរហូតដល់សល់ជនអ៊ុយក្រែនម្នាក់ចុងក្រោយហើយមើលទៅ។ការគំរាមចុងក្រោយបំផុតគឺថា អង់គ្លេសមានផែនការផ្តល់គ្រាប់កាំភ្លើងធំរថក្រោះដែលផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដល់អ៊ុយក្រែន។បើវាកើតមានពិត រុស្ស៊ីនឹងឆ្លើយតបអោយសមស្រប។ពួកលោកខាងលិចចាប់ផ្តើមប្រើសមាសភាពនុយគ្លេអ៊ែរហើយ»។
សូមបញ្ជាក់ថាលោកពូទីន តែងបានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់សព្វាវុធដែលខ្លួនមានទាំងអស់ រួមទាំងសព្វាវុធនុយគ្លេអ៊ែរដើម្បីការពារខ្លួន តែពេលខ្លះក៏ដកខ្លួនចេញពីការគំរាមដូច្នេះដែរ។
រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែអះអាងថាខ្លួន ជាអ្នកដឹកនាំសម្របសម្រួលអព្យាក្រិតមួយក្នុងជម្លោះអ៊ុយក្រែន និងក្រោយជំនួបជាមួយលោកពូទីន លោកស៊ីបានមានប្រសាសន៍ថា«យើងប្រកាន់ខ្ជាប់ជំហរមិនលម្អៀងនិងប្រកបដោយគោលការណ៍មួយអំពីវិបត្តិអ៊ុយក្រែន ដោយផ្អែកលើគោលដៅនិងគោលការណ៍របស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ផែនការរបស់ចិនស្វះស្វែងលើកទឹកចិត្តអោយរកវិធីបង្កើតសន្តិភាពនិងបន្តកិច្ចពិភាក្សាគ្នាឡើងវិញ»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រុស្ស៊ីនិងចិនបានសង្កត់ធ្ងន់លើតំរូវការអោយ«គោរពការព្រួយបារម្ភអំពីសន្តិសុខស្របច្បាប់របស់គ្រប់ប្រទេស»ដើម្បីដោះស្រាយជម្លោះ ដែលនេះជាការបន្ទរសម្តីរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងដែលបានអះអាងជារឿយៗថា ខ្លួនបញ្ជូនទ័ពចូលអ៊ុយក្រែនដើម្បីរារាំងកុំអោយអាម៉េរិកនិងសម្ពន្ធមិត្តណាតូប្រែក្លាយប្រទេសក្បែរខាងខ្លួនទៅជាបន្ទាយប្រឆាំងរុស្ស៊ី។
វាបានបន្ថែមថា«រុស្ស៊ីស្វាគមន៍ការត្រៀមខ្លួនរបស់ចិនដើម្បីដើរតួនាទីសកម្មមួយនៅក្នុងដំណោះស្រាយនយោបាយនិងការទូតនៃវិបត្តិអ៊ុយក្រែន»ហើយនឹង«គំនិតស្ថាបនា»ដែលមាននៅក្នុងផែនការសន្តិភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង៕
ប្រធានាធិបតីរុស្ស៊ី និងសមភាគីចិន ជួបប្រជុំនៅទីក្រុងមូស្គូ កាលពីថ្ងៃ២១មីនា