ប្រែសម្រួលៈបំណង(CNA)៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន កាលពីថ្ងៃអង្គារបានថ្កោលទោសផែនការរបស់អង់គ្លេសក្នុងការបញ្ជូនគ្រាប់កាំភ្លើងធំផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមទៅកាន់អ៊ុយក្រែន ដោយថារដ្ឋាភិបាលទីក្រុងមូស្គូ នឹងត្រូវបង្ខំអោយឆ្លើយតបសមស្រប។
ថ្លែងនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ទេសរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក អាន់ណាបែល ហ្គោលឌី(Annabel Goldie)បាននិយាយថា គ្រាប់ខ្លះសំរាប់រថក្រោះប្រយុទ្ធChallenger 2 ដែលអង់គ្លេសនឹងប្រគល់អោយអ៊ុយក្រែនផ្ទុកអ៊ុយរ៉ាញ៉ូមDU។
រថក្រោះប្រយុទ្ធChallenger 2របស់អង់គ្លេសនឹងប្រើគ្រាប់ខ្លះដែលផ្ទុកអ៊ុយរ៉ាញ៉ូមDU
លោកពូទីនបាននិយាយថា«បើសិនជារឿងហ្នឹងកើតមានមែន រុស្ស៊ីនឹងឆ្លើយតដោយសមស្រប។លោកខាងលិចទាំងមូលកំពុងចាប់ផ្តើមប្រើសព្វាវុធដែលមានសមាសភាពនុយគ្លេអ៊ែរហើយ»។
ពួកអ្នកនយោបាយនិងអ្នកធ្វើអត្ថាធិប្បាយរុស្ស៊ី បានលើកឡើងជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើមឡើងកាលពីឆ្នាំមុន ដោយពួកគេនិយាយថារដ្ឋាភិបាលទីក្រុងមូស្គូ បើចាំបាច់ត្រៀមប្រើសព្វាវុធនុយគ្លេអ៊ែររបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ សយហ្គូ បាននិយាយថា ការសំរេចចិត្តរបស់អង់គ្លេសកាន់តែកាត់បន្ថយឳកាសអោយតិចទៅក្នុងការបញ្ចៀសការប៉ះទង្គិចគ្នាដោយសព្វាវុធនុយគ្លេអ៊ែររវាងរុស្ស៊ីនិងលោកខាងលិច។លោកថា«កាលណាលោកខាងលិចចាត់វិធានការមួយៗបន្ថែមទៀត ឳកាសកាន់តែខើចទៅ»។
អ៊ុយរ៉ាញ៉ូមDUត្រូវគេប្រើក្នុងសព្វាវុធ ដោយសារតែវាអាចទម្លុះរថក្រោះ រថពាសដែលនិងទីតាំងមាំទាំដោយងាយ ពីព្រោះដង់ស៊ីតេនិងទ្រព្យរូបវន្តដទៃទៀតរបស់វា។វាបង្កហានិភ័យសុខភាពនៅជុំវិញកន្លែងផ្ទុះ ដោយផ្សែងធូលីរបស់វាអាចស្រូបចូលក្នុងសួតនិងគ្រឿងក្នុងសំខាន់ៗរបស់មនុស្ស។
លោកសយហ្គូ បានប្រាប់អ្នកយកព័ត៌មានថា «តាមធម្មតា រុស្ស៊ីមានអ្វីមួយដើម្បីឆ្លើយតបហើយ»៕
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ សយហ្គូ ថារុស្ស៊ីត្រៀមឆ្លើយតបបើ អ៊ុយក្រែនប្រើគ្រាប់ផ្ទុកអ៊ុយរ៉ាញ៉ូមDU