ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីមន្ទីរបញ្ចកោណមួយរូបបាននិយាយកាលពីថ្ងៃអង្គារ ទី២១ មីនាថា សហរដ្ឋអាម៉េរិកគ្រោងនឹងពន្លឿនការបញ្ជូនរថក្រោះអេប្រឹម(Abrams) ទៅកាន់ប្រទេសអ៊ុយក្រែន ដោយផ្តល់ឧបករណ៍សំខាន់ៗដល់រដ្ឋាភិបាលក្រុងគៀវយ៉ាងយូរត្រឹមរដូវស្លឹកឈើជ្រុះខាងមុខ ដើម្បីការពារខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
កាលពីខែមករា សហរដ្ឋអាម៉េរិកបានសន្យាផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ M1A2 Abrams កម្រិតខ្ពស់ចំនួន ៣១ គ្រឿងបន្ទាប់ពីការដកចេញជាច្រើនខែនូវគំនិតនៃការបញ្ជូនរថក្រោះពិបាកថែទាំនេះទៅកាន់អ៊ុយក្រែន ។
ក្រុមមន្ត្រីអាម៉េរិកនិងប្រភពដែលដឹងពីស្ថានភាពនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រអំពីការផ្លាស់ប្តូរពេលវេលានៃការបញ្ជូន។
មន្ត្រីម្នាក់បាននិយាយថា ផែនការថ្មីនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រភេទរថក្រោះ M1A1 SA Abrams ដែលអាចដំណើរការលើប្រេងម៉ាស៊ូតដូចកងរថក្រោះអ៊ុយក្រែនភាគច្រើនដែរ។ការផ្លាស់ប្តូរនេះក៏បង្កើនល្បឿននៃការចែកចាយប្រហែលមួយឆ្នាំផងដែរ នេះបើយោងតាមជំនួយការម្នាក់របស់សភាដែលបានសង្ខេបអំពីបញ្ហានេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) ប្រាប់អ្នកសារព័ត៌មានថា”មន្ទីរបញ្ចកោណនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែនបានធ្វើការសម្រេចចិត្តដើម្បីផ្តល់នូវរថក្រោះ M1A1 Abrams ដែលនឹងអនុញ្ញាតឱ្យយើងពន្លឿនពេលវេលាចែកចាយយ៉ាងសំខាន់ និងផ្តល់សមត្ថភាពដ៏សំខាន់នេះដល់អ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ”។
កន្លងមក ក្រសួងការពារជាតិមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ណាមួយដើម្បីផ្តល់រថក្រោះនេះទៅដល់ដៃអ៊ុយក្រែនទេ ដោយគ្រាន់តែនិយាយថា វានឹងចំណាយពេល “ច្រើនខែ” ។ កាលពីថ្ងៃអង្គារ លោករ៉ាយឌ័របាននិយាយថា កាលបរិឆ្ឆេទកាលពីមុនគឺមានរយៈពេលលើសពីមួយឆ្នាំ៕
រថក្រោះ M1A1 SA Abrams នឹងទៅដល់ដៃអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ