ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រដ្ឋាភិបាលហូឡង់កាលពីថ្ងៃអង្គារទី២១មីនាបានផ្តល់ដំបូន្មានដល់មន្ត្រីកុំអោយដំឡើងកម្មវិធីវីដេអូ TikTok ដែលជាកម្មសិទ្ធិរបស់ចិន ឬប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមពីប្រទេសផ្សេងទៀតជាមួយនឹងកម្មវិធីអ៊ីនធឺណេត “ដែលបំពាន”។
បន្ទាប់ពីការចាត់វិធានការស្រដៀងគ្នាដោយប្រទេសលោកខាងលិចផ្សេងទៀត ទីបំផុតហូឡង់ចង់ហាមឃាត់កម្មវិធី “បង្កប់ចារកម្មដ៏រសើប” ពីប្រទេសដូចជាចិន អ៊ីរ៉ង់ កូរ៉េខាងជើងនិងរុស្ស៊ីទាំងស្រុងពីទូរស័ព្ទដែលប្រើដោយមន្ត្រីរដ្ឋការ។
រដ្ឋមន្ត្រីឌីជីថលហូឡង់ លោកស្រី អាឡិចសាន់ដ្រា វ៉ាន់ ហូហ្វហ្វេឡិន (Alexandra van Huffelen) បាននិយាយថា ការសម្រេចចិត្តនេះធ្វើតាមការណែនាំរបស់សេវាសម្ងាត់របស់ប្រទេស (AIVD) ដែលបានរកឃើញថា កម្មវិធីបែបនេះបង្កជា “ហានិភ័យចារកម្មពីដើមទី”។
លោកស្រីបាននិយាយថា”ជំហានដំបូងគឺត្រូវជំរុញមន្ត្រីរដ្ឋការជាបន្ទាន់…កុំឱ្យដំឡើងកម្មវិធីនិងប្រើប្រាស់ពួកវានៅលើឧបករណ៍ការងារចល័តរបស់ពួកគេពីក្រុមហ៊ុននានាក្នុងប្រទេសដែលមានកម្មវិធីអ៊ីនធឺណេតវាយប្រហារប្រឆាំងនឹងហូឡង់”។
លោកស្រីវ៉ាន់ហូហ្វហ្វេឡិនបានបន្ថែមនៅក្នុងលិខិតមួយទៅកាន់សភាថា បន្ទាប់មក ប្រទេសហូឡង់គ្រោងនឹងចេញប្រកាសឱ្យមន្ត្រីដំឡើងតែកម្មវិធីណាដែលបានអនុម័តជាមុននៅលើទូរស័ព្ទដៃប៉ុណ្ណោះ។
លោកស្រីបានបន្តថា ចំណាត់ការនេះគឺផ្អែកលើការពិគ្រោះយោបល់ជាមួយសហភាពអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ន័រវែសកាលពីថ្ងៃអង្គារក៏បានផ្តល់អនុសាសន៍ឱ្យបុគ្គលិករដ្ឋាភិបាលកុំប្រើប្រាស់កម្មវិធីចិននៅលើឧបករណ៍ការងាររបស់ពួកគេដែរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី អេមីលី អេនហ្គើ មែល (Emilie Enger Mehl) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងការវាយតម្លៃហានិភ័យរបស់ពួកគេ … សេវាចារកម្មន័រវែសចុចចំឈ្មោះរុស្ស៊ីនិងចិនជាកត្តាហានិភ័យចម្បងសម្រាប់ផលប្រយោជន៍សន្តិសុខរបស់ន័រវែស”។
លោកស្រីបាននិយាយថា “ពួកគេក៏ចុចចំៗប្រព័ន្ធបណ្តាញសង្គមចិនជាវេទិកាអំណោយផលចំពោះតួអង្គបង្កគ្រោះថ្នាក់និងអ្នកផ្សេងទៀតដែលចង់ជះឥទ្ធិពលដល់យើងជាមួយនឹងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយដែរ”។
ការណែនាំនេះគឺអនុវត្តចំពោះឧបករណ៍ការងារទាំងអស់ ដែលប្រើដោយមន្ត្រីរដ្ឋាភិបាល និង ដែលភ្ជាប់ជាមួយប្រព័ន្ធឌីជីដលរបស់រដ្ឋាភិបាល។
ទន្ទឹមនេះដែរ BBC បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានប្រាប់និយោជិតរបស់ខ្លួនឱ្យលុបកម្មវិធីវីដេអូ TikTok ដែលគ្រប់គ្រងដោយចិន លុះត្រាតែវាចាំបាច់សម្រាប់ហេតុផលអាជីវកម្មខណៈស្ថាប័នលោកខាងលិចកាន់តែច្រើនឡើងបានប្រកាន់ជំហរតឹងតែងជុំវិញការបារម្ភអំពីការប្រមូលទិន្នន័យ។
ទូរទស្សន៍យក្សរបស់ចក្រភពអង់គ្លេសនេះបានរាយការណ៍ថាខ្លួនបានផ្ញើសារទៅកាន់បុគ្គលិកកាលពីថ្ងៃអាទិត្យដោយនិយាយថា “យើងមិនណែនាំឱ្យដំឡើង TikTok នៅលើឧបករណ៍សាជីវកម្ម BBC ទេ លុះត្រាតែមានហេតុផលអាជីវកម្មត្រឹមត្រូវ”។
ទូរទស្សន៍នេះបានបន្ថែមថា “ប្រសិនបើអ្នកមិនត្រូវការ TikTok សម្រាប់ហេតុផលអាជីវកម្ម TikTok គួរតែត្រូវលុបចោល”៕
ស្ថាប័នលោកខាងលិចច្រើនឡើងតម្រូវឱ្យបុគ្គលិករដ្ឋរបស់ខ្លួនលុបចោល TikTok ពីទូរស័ព្ទរបស់ពួកគេ